អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា លោកមិនអាចសប្បាយរីករាយ ដោយស្ងប់ចិត្តបាននោះទេ ដរាបណាអ្នកនៅជុំវិញខ្លួនរបស់លោក ពោរពេញទៅដោយភាពក្រីក្រ។ ដូច្នេះទើបលោក តែងតែជួយដល់សង្គម ទោះតិចច្រើនក្តី ធ្វើទៅតាមលទ្ធភាពនៃការបរិច្ចាគ។
ក្នុងថ្ងៃចុងសប្តាហ៍ម្សិលមិញ អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ចេញនូវទស្សនៈថា កុំទាន់ធុញទ្រាន់នឹងអំពើល្អ។ ទង្វើល្អរមែងហុចផលល្អ។ បើយើងដាក់ចិត្តដាក់កាយភ្ជាប់ខ្លួនឯងទៅនឹងសង្គម នោះយើងនឹងយល់ពីសុខទុក្ខប្រជាជនកាន់តែច្បាស់។ យ៉ាងណាមិញ លោកមិនអាចរស់នៅដោយសប្បាយរីករាយពិតប្រាកដ និងស្ងប់ចិត្តបានឡើយ ខណៈពេលជុំវិញខ្លួនរបស់លោកពោរពេញទៅដោយភាពក្រីក្រនៃប្រជាជនរបស់លោក។ ទោះធ្វើអីក៏ដោយ លោកមិនដែលភ្លេចខ្លួននោះទេ គឺលោកនឹងជួយដល់សង្គម ទោះតិចច្រើនក្តី ទៅតាមលទ្ធភាពនៃការបរិច្ចាគ។
អ្នកឧកញ៉ាបណ្ឌិត បានបន្តថា លោកជួយសង្គម មិនមែនធ្វើដើម្បីយកមុខមាត់ឡើយ តែលោកធ្វើដោយចិត្តស្មោះ ព្រោះការជួយសង្គមក៏ធ្វើឱ្យលោកទទួលបានជោគជ័យមួយដែរ។ នៅពេលដែលលោកបានជួយអ្នកជួបការលំបាកពិតប្រាកដ លោកមានអារម្មណ៍ថាដេកលក់ស្រួល សប្បាយចិត្ត ហើយបាត់ទុក្ខកង្វល់។ ពេលខ្លះ លោកមានអារម្មណ៍ថា ដូចបានធ្វើបុណ្យដ៏ធំមួយយ៉ាងដូច្នោះដែរ ហើយធ្វើបុណ្យជាមួយអ្នករស់ មានអារម្មណ៍សប្បាយចិត្តជាងធ្វើបុណ្យជាមួយអ្នកស្លាប់។ អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា លោកមិនដែលធុញទ្រាន់ក្នុងការសាងអំពើល្អនោះទេ ព្រោះលោកចាត់ទុកខ្លួនឯងថា លោកជាមនុស្សរបស់មហាជន។
គួរបញ្ជាក់ថា អ្នកឧកញ៉ា គួច ម៉េងលី តែងតែចូលរួមចំណែកបរិច្ចាគជួយដល់សង្គមជាប្រចាំ ទាំងការជួយដោយផ្ទាល់ និងដោយប្រយោល។ អ្នកឧកញ៉ាបណ្ឌិត ក៏បានបង្កើតនូវមូលនិធិមួយឈ្មោះថា MJQ Foundation ដើម្បីជួយដល់សិស្សានុសិស្សក្រីក្រ ឱ្យទទួលបាននូវការអប់រំមួយកាន់តែល្អប្រសើរ។ យ៉ាងណាមិញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ យុវតីនិស្សិតខ្វះខាតជីវភាពម្នាក់ មកពីខេត្តត្បូងឃ្មុំ ត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ នីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលអាហារូបករណ៍នេះនឹងរ៉ាប់រងការចំណាយលើថ្លៃសិក្សា សរុបជាថវិកាចំនួន ១,៥២២.៥០ ដុល្លារ ផងដែរ៕