ឧកញ៉ា សៀង ចាន់ហេង ព្រមប្រគល់ដី៥០ហិកតា ទៅឲ្យលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់

ជុំវិញ​ឧកញ៉ា

ជម្លោះវិវាទដីធ្លីរវាងលោកស្រីឧកញ៉ា សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន លោកស្រី ហៀវ លន់ ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោយការសម្របសម្រួល និងដោះស្រាយពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយភាគីទាំងសងខាង និងមន្រ្តីក្រសួងរៀបចំដែនដី លោកស្រីឧកញ៉ា សៀង ចាន់ហេង ព្រមព្រៀងប្រគល់ដីវិវាទទំហំ៥០ហិកតា និង៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ឲ្យទៅលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ហើយភាគីទាំងពីរបានយល់ព្រមដកពាក្យបណ្តឹងនៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរអាទិត្យ។

គួររមលឹកបន្តិចថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចលុបចោល ស.ជ.ណ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ស្រី សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅដោយទីស្តីការគណៈរដ្ឋមន្រ្តី។

សូមជម្រាបជូនថា លិខិតរបស់ទីស្ដីការគណៈដ្ឋមន្រ្តី ដែលចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២៣ ដោយលោក កែន សត្ថា បានបញ្ជាក់ថា លោកស្រី សៀង ចាន់ហេង បានប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនទ្រព្យរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយផ្អែកលើលិខិតរបស់ក្រសួងមហាផ្ទៃ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចុះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្រ្តី អះអាងថារាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ភាពស្របច្បាប់នៃឯកសារកាន់កាប់ដីធ្លីរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់​។

បើតាមទីស្ដីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍…ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្សពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ ដោយមិនលើកលែង។