លោកឧកញ៉ា ទៀ ណារ៉ាវុទ្ធ (ចាង យុនហ្វេង) ដែលជាកូនប្រសាររបស់លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/១៣៥ ចុះថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣។

ឧកញ៉ា ទៀ ណារ៉ាវុទ្ធ ត្រូវបានគេដឹងថា បច្ចុប្បន្នលោកជា អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និងក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd។ បន្ថែមពីនេះ លោកក៏ជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា។ លោកឧកញ៉ា ក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិផងដែរ។


ជាមួយគ្នានេះដែរ ភរិយារបស់លោកឧកញ៉ា ទៀ ណារ៉ាវុទ្ធ គឺលោកជំទាវ មាស សុភារី កូនស្រីលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/១៣៦ ក្នុងថ្ងៃដូចគ្នា៕

