នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យវេស្ទើន (WU) បានរៀបចំពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបប្រមាណជាង ៣ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧកញ៉ា តែ ឡូរិន គឺជាស្ថាបនិកសាកលវិទ្យាល័យវេស្ទើន និងសាលាវេស្ទើនអន្តរជាតិ ខណៈដែលបច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន។ សាកលវិទ្យាល័យវេស្ទើន ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយឧកញ៉ា តែ ឡូរិន ហើយក្នុងឆ្នាំនោះដែរ លោកឧកញ៉ា ក៏បានបង្កើតសាលាវេស្ទើនអន្តរជាតិដំណាលគ្នាផងដែរ។

នៅឆ្នាំ២០០៥ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យវេស្ទើន បានបង្កើតសាខាមួយទៀត នៅខេត្តកំពង់ចាម។ លោកឧកញ៉ា តែ ឡូរិន ជាស្ថាបនិករបស់សាលាវេស្ទើន បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច លើជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ប្រទេសបារាំង។

សាកលវិទ្យាល័យវេស្ទើន មានទីតាំងនៅដីឡូត៍លេខ១៤៥ ផ្លូវ៦០៨ កែង ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន សាកលវិទ្យាល័យមួយនេះ មានបើកបង្រៀននិស្សិត ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់បណ្ឌិត ខណៈដែលថ្នាក់បរិញ្ញាបត្រ មានជំនាញជាច្រើនដូចជា ទេសចរណ៍និងសណ្ឋាគារ ភាសាអង់គ្លេសសម្រាប់ការបង្រៀន ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រង ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុនិងធនាគារ ច្បាប់ និងវិស្វករ។

សូមជម្រាបជូនថា បច្ចុប្បន្នសាកលវិទ្យាល័យវេស្ទើន មានថ្នាក់ដឹកនាំសំខាន់ៗដូចជា ឧកញ៉ា តែ ឡូរិន ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល, បណ្ឌិត កៀង រតនា សាកលវិទ្យាធិការ, លោកសាស្ត្រាចារ្យ សរ សត្យា ព្រឹទ្ធសាកលវិទ្យាធិការរង, បណ្ឌិត ទ្រី សុធារឹទ្ធ និងបណ្ឌិត ហុក ថាវុធ ជាសាកលវិទ្យាធិការរង៕