ឧកញ៉ា កែវ មុំ ណែនាំឲ្យសហគ្រាសក្នុងស្រុកជំរុញការផ្សព្វផ្សាយនិងចែកចាយឱ្យទូលំទូលាយ ដើម្បីពលរដ្ឋគាំទ្រ

ជុំវិញ​ឧកញ៉ា

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នបាននិងកំពុងគាំទ្រនិងប្រើប្រាស់ផលិតផលដែលផលិតដោយសហគ្រាសនៅក្នុងស្រុក តែការផ្សព្វផ្សាយនិងការចែកចាយផលិតផលនៅមានកម្រិត ដូចនេះទាមទារឱ្យសហគ្រាសធ្វើយ៉ាងណាត្រូវចំណាយប្រាក់ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ងាយស្រួលដល់ប្រជាពលរដ្ឋស្វែងរកទិញយកទៅប្រើប្រាស់សម្រាប់ក្រុមគ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជានិងជានាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី លោកជំទាវឧកញ៉ា កែវ មុំ បានឱ្យដឹងថា នៅប៉ុន្មានខែចុងក្រោយកន្លងមកនេះរាជរដ្ឋាភិបាល ពិសេសមន្ត្រីគយបានធ្វើការចាប់ទំនិញនាំចូលអត់បានបង់ពន្ធមានចំនួនច្រើនធ្វើឱ្យការនាំចូលត្រូវបានកាត់បន្ថយ ហើយតម្រូវការផលិតផលដែលផលិតនៅក្នុងស្រុកមានការកើនឡើង។

លោកជំទាវឧកញ៉ា កែវ មុំ មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរមានការគំាទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុក។បានន័យថាលុយដែលប្រជាពលរដ្ឋបានចំណាយ១០០រៀល យកមកចែកចាយនៅក្នុងប្រទេសកម្ពុជាបានដល់ជាង៩០ភាគរយ អីចឹងវាជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងលឿន តែប្រសិនបើយើងប្រើប្រាស់ទំនិញនាំចូលច្រើន វាធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាប្រែប្រួល។ ដូចនេះកាលណាប្រជាពលរដ្ឋប្រើប្រាស់ទំនិញដែលផលិតដោយសហគ្រាសក្នុងស្រុកបានកាន់តែច្រើនវាបានជួយដល់កំណើនសេដ្ឋកិច្ចរបស់យើងបានច្រើន។

លោកជំទាវឧកញ៉ាសង្កត់ធ្ងន់ថា«ខ្ញុំមើលឃើញថាទំនិញរបស់ថៃ វៀតណាមនិងចិន ពលរដ្ឋរបស់ប្រទេសគេមានការគាំទ្រនិងប្រើប្រាស់ផលិតផលរបស់ជាតិគេច្រើន។ សម្រាប់ពលរដ្ឋខ្មែរក៏មានការគាំទ្រនិងប្រើប្រាស់ផលិតផលនៅក្នុងស្រុកដែរ តែដោយសារការហូរចូលនៅផលិតមកពីខាងក្រៅវាមានច្រើនពេក និងម្យ៉ាងទៀតអ្នកផលិតនៅក្នុងស្រុក ធ្វើការចែកចាយនិងការផ្សព្វផ្សាយអំពីផលិតផលរបស់ពួកគាត់នៅមានកម្រិតនិងនៅមានបញ្ហាធ្វើឱ្យការផ្សព្វផ្សាយមិនបានទៅដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏មិនបានដឹងថាសហគ្រាសផលិតនៅក្នុងស្រុកផលិតបានអ្វីខ្លះ ហើយបើគាត់ចង់ទិញឬគាំទ្រមិនដឹងថាទៅរកទិញនៅកន្លែង»។

លោកជំទាវឧកញ៉ាលើកឡើងថា ការពិតប្រជាពលរដ្ឋមានការគាំទ្រឱ្យតែយើងធ្វើការផ្សព្វផ្សាយឱ្យគាត់បានដឹងហើយងាយស្រួលក្នុងការស្វែងរកទិញបាននៅគ្រប់ទីកន្លែង។ជាក់ស្តែងផលិតផលនំស្រួយលីលីបានធ្វើការផ្សព្វផ្សាយនិងការចែកចាយមានលក្ខណៈទូលំទូលាយជាហេតុធ្វើឱ្យផលិតផលនំស្រួយលីលីទៅដល់ទីណាក៏គេស្គាល់ផលិតផលរបស់លីលីដែរ។

លោកជំទាវឧកញ៉បន្តថា«ប្រសិនបើសហគ្រាសក្នុងស្រុកយើងធ្វើការផ្សព្វផ្សាយនិងចែកចាយផលិតផលរបស់ខ្លួនឱ្យបានទូលំទូលាយ ដូចទៅនិងផលិតផលនំស្រួយលីលី ខ្ញុំមើលឃើញថាយើង(សហគ្រាស)ការលក់និងការចែកចាយនៅផលិតផល នៅក្នុងប្រទេសកម្ពុជាបានទូលំទូលាយ។សហគ្រាសនីមួយៗត្រូវធ្វើយ៉ាងណាចំណាយលុយផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនឱ្យបានទូលំទូលាយ តែបើការផ្សព្វផ្សាយនៅមានកម្រិតក៏មិនអាចធ្វើឱ្យចែកចាយផលិតផលរបស់ខ្លួនមានលក្ខណៈទូលំទូលាយបានដែរ»។

បើតាមប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា នៅក្នុងប្រទេសកម្ពុជាយើងសង្កេតឃើញថាសហគ្រាសក្នុងស្រុកផលិតបាននៅផលិតជាច្រើន មានគុណភាពនិងមានអនាម័យល្អ តែការចែកចាយផលិតផលនៅមានកម្រិត ថ្លៃដើមផលិតខ្ពស់ធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែង។ ប៉ុន្តែបើការនាំចូលផលិតផលមកពីខាងក្រៅស្របច្បាប់និងមានស្តង់ដាត្រឹមត្រូវជាក់លាក់ខ្ញុំសង្ឃឹមថាការនាំចូលអាចនិងមានការកាត់បន្ថយ ធ្វើឱ្យតម្រូវការប្រើប្រាស់នៅក្នុងប្រទេសនឹងមានការកើនឡើងហើយវាជំរុញឱ្យសហគ្រាសក្នុងស្រុកផលិតបានច្រើនហើយថ្លៃដើមផលិតមានការធ្លាក់ចុះធ្វើឱ្យការចែកចាយផលិតផលមានលក្ខណៈទូលំទូលាយ ៕

អត្ថបទ៖ សារេត