ធនាគារ វីង ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសម្ពោធសាខាថ្មីរបស់ខ្លួននៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយឥស្សជនកិត្តិយសជាច្រើនរូបទៀត ។

នៅក្នុងឪកាសអញ្ជើញទៅកាន់ខេត្តបាត់ដំបងនាពេលនេះ អ្នកឧកញ៉ា គិត ម៉េង បានធ្វើដំណើរតាមឧទ្ធម្ភាចក្រផ្ទាល់ខ្លួន អមដោយអ្នកឧកញ៉ា ឧកញ៉ាគ្រាក់ៗមួយចំនួន ហើយអំឡុងស្ថិតនៅខេត្តបាត់ដំបងនោះអ្នកឧកញ៉ាក៏បានទស្សនាថ្មើជើងតាមដងស្ទឹងសង្កែប្រមាណ ២គីឡូផងដែរ។ នេះបើតាមការបញ្ជាក់ពីឧកញ៉ា ភូ វាសនា ប្រធានសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តបាត់ដំបង លើទំព័រទំហ្វេសបុក។
ខុសពីសព្វដង នៅក្នុងពិធីសម្ពោធសាខាធនាគារ វីង អ្នកឧកញ៉ាតែងតែបង្ហាញវត្តមានលោកស្រីឧកញ៉ា ស្រីតូច ចំណាន ជាភរិយា និងកូនប្រុសស្រី ខណៈនាព្រឹកនេះមិនមានវត្តមានលោកស្រីនិងកូនៗឡើយ៕





