ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាក្នុងវិស័យកសិកម្ម ជួបជាមួយ លោក Toshiaki Ono អ្នកជំនាញវិស័យហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម ព្រមជាមួយសហការីនៃធនាគារពិភពលោក ពិភាក្សាគ្នាពីការព្យាករណ៍បរិយាកាសហិរញ្ញវត្ថុក្នុងវិស័យកសិកម្មកម្ពុជា (Cambodia Agriculture Climate Finance Diagnostic)។

ក្នុងជំនួបដ៏សំខាន់ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងធ្វើការពិភាក្សាអំពីបញ្ហាប្រឈម កង្វល់នានា ដែលកំពុងមានចំពោះធុរជន និងអ្នកវិនិយោគកំពុងធ្វើធុរកិច្ច និងវិនិយោគ និងសកម្មភាពនាំចេញ-នាំចូលក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលជាធាតុចូលសម្រាប់ក្រុមការងារជំនាញរបស់ធនាគារពិភពលោក។

ជាមួយគ្នានោះ លោកឧកញ៉ា លឹម ហេង បានឆ្លើយតបចំពោះចម្ងល់របស់តំណាងធនាគារពិភពលោក នូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. ភាពប្រកួតប្រជែង ផលិតផលកសិកម្មកម្ពុជា
២. ទុនសម្រាប់ការវិនិយោគ លើវិស័យនេះតម្រូវការមានកម្រិត និងកម្ចីទុនពីធនាគារនៅមានជាបញ្ហាក្នុងវិស័យនេះ
៣. ការអនុវត្តនិងចំណេះដឹងក្នុងវិស័យកសិកម្ម គឺមានកម្រិតដែលជាការគ្រប់គ្រងជាលក្ខណៈគ្រួសារភាគច្រើន
៤. ការពិភាក្សាចំណុចផ្សេងៗក្នុងវិស័យនេះជាច្រើនទៀត។

សូមជម្រាបជូនថា ធនាគារពិភពលោក (The World Bank) តែងតែយកចិត្តទុកដាក់ចាប់អារម្មណ៍លើវិស័យកសិកម្មនៅកម្ពុជា។ កាលឆ្នាំ២០១៩ ធនាគារពិភពលោក បានអនុម័តគម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា ដែលមានថវិកាសរុប ១០១.៦៧លានដុល្លារ ដែលក្នុងនេះ មានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១០លានដុល្លារ មានរយៈពេល៦ឆ្នាំ (២០១៩-២០២៥) ក្នុងខេត្តគោលដៅចំនួន១២។ ក្នុងពេលនោះដែរ តំណាងធនាគារពិភពលោក បានថ្លែងថា វិស័យកសិកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើន សេដ្ឋកិច្ចជាតិ ហើយធនាគារពិភពលោក នឹងនៅបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា៕



