មូលនិធិព្រីនស៍ (Prince Foundation) របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រ ចំនួន ៤០០នាក់ សម្រាប់ជំនាន់ទី២ ឆ្នាំសិក្សា២០២៣នេះ។
កម្មវិធីអាហារូបករណ៍នេះ បានផ្តល់នូវអាហារូបករណ៍ពេញលេញ រួមមានប្រាក់ឧបត្ថម្ភ និងកម្មវិធីអភិវឌ្ឍខ្លួនដល់សិស្សានុសិស្ស កម្មសិក្សា និងឱកាសការងារដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០ នាក់ក្នុងរយៈពេល៤ឆ្នាំ ឬលើស៤ឆ្នាំ តាមកម្មវិធីសិក្សាមួយចប់កម្រិតថ្នាក់បរិញ្ញាបត្រ ឬវិស្វករ។
សម្រាប់លក្ខខណ្ឌក្នុងការចុះឈ្មោះ និសិត្សត្រូវតែមានសញ្ជាតិខ្មែរ និងជាសិស្សបញ្ចប់ថ្នាក់ទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១ ឬ ឆ្នាំ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សាដូចខាងក្រោម៖
១. សកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖ ផ្នែក វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ផ្នែក ព័ត៌មានវិទ្យា, ផ្នែក ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, ផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។
២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)៖ ផ្នែក វិស្វកម្មសំណង់ស៊ីវិល។
៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)៖ ផ្នែក សេដ្ឋកិច្ចឌីជីថល, ផ្នែក ទេសចរណ៍ និងបដិសណ្ឋារកិច្ច។
សិស្សនិស្សិត អាចដាក់ពាក្យសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់នេះ៖ shorturl.at/fLOU2 ។
ផុតកំណត់ទទួលពាក្យថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ម៉ោង ១១:៥៩ យប់។
សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍របស់ មូលនិធិព្រីនស៍ គឺជាមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប ហើយអាហារូបករណ៍ ចេន ហ្ស៊ី នេះ គឺដាក់ឈ្មោះតាមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលមានគោលបំណងផ្តល់ទាំងជំនួយក្នុងការសិក្សា និងបទពិសោធន៍ការងារដល់និស្សិត ដោយធានាថាពួកគេទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាឱកាសក្នុងការដកបទពិសោធន៍ការងារស្ដង់ដាអន្តរជាតិ៕