កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ជុំវិញ​ឧកញ៉ា

កំពូលតារាចម្រៀងជួរមុខល្បីៗ ព្រមទាំងមហាជន អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា រាប់ម៉ឺននាក់ បានចេញមកប្រតិកម្មរិះគន់ធ្ងន់ៗទៅកាន់ស្ថាប័នកាសែតក្រៅស្រុក The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយបទវិភាគដោយគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភាពស្អាតស្អំនិងកិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈបទវិភាគ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា? ដែលក្នុងនោះបានធ្វើការចោទប្រកាន់លើអ្នកឧកញ៉ាទាំងងងើល និងប្រាសចាកពីការពិតទាំងស្រុងប្រកបដោយគោលបំណងទុច្ចរិត កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវីដេអូប្រមាណ ២៩នាទី លើទំព័រហ្វេសប៊ុក The Cambodia Daily លោក តាំង សារ៉ាដា បាននិយាយពាក់ព័ន្ធនឹងមុខជំនួញ ក៏ដូចជាការចោទប្រកាន់ចំៗមកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ពិសេសនោះគឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប់ពាក់ព័ន្ធនឹងប្រភពដើមទុនក្នុងការចេញរកស៊ីរហូតទទួលបានជោគជ័យ និងចោទប្រឌិតព័ត៌មានថាអ្នកឧកញ៉ា [លាងលុយកខ្វក់ឲ្យអ្នកមានអំណាច] ដែលជាមូលហេតុអាចឱ្យអ្នកឧកញ៉ាធ្វើវិភាគទានផ្តល់ថវិកាប្រមាណជាង ២៣លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល។

ភ្លាមៗក្រោយពីអ្នកកាសែតក្រៅស្រុកដែលមានឈាមជ័រជាខ្មែររូបនេះបានបំភ្លៃការពិតប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងកេរ្តិ៍ឈ្មោះផ្ទាល់របស់អ្នកឧកញ៉ាដែលបានតស៊ូរើបម្រាស់ពីអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង រហូតមានជីវភាពធូរធារមានលទ្ធភាពជួយប្រជាពលរដ្ឋរាប់ពាន់នាក់ឲ្យមានការងារធ្វើដូចពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ាបានចេញមុខពន្យល់និងបកស្រាយយ៉ាងលម្អិតលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីប្រភពដើមទុន សាវតាដំណើរការពង្រីកវិសាលភាពក្រុមហ៊ុនពីដើមរហូតមក ដើម្បីឲ្យបុគ្គលឈ្មោះ តាំង សារ៉ាដា ជ្រាបកាន់តែច្បាស់ និងបញ្ឈប់សកម្មភាពបំភ្លៃការពិតធ្វើឲ្យមានការយល់ច្រឡំពីមហាជនបន្តទៅទៀត។ 

អ្នកឧកញ៉ាបានពន្យល់ទៅកាន់បុគ្គល តាំង សារ៉ាដា ថា “សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ  កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ”។

ជាមួយគ្នានេះ ជុំវិញការចោទប្រកាន់ទាំងខុសទំនងក្រោមហេតុផលកេញចំណេញនយោបាយរបស់ព័ត៌មានកាសែត The Cambodia Daily ទាំងនេះ ត្រូវបានមហាជន អ្នកសិល្បៈ អ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញប្រតិកម្មរិះគន់ចំៗ ធ្ងន់ៗ ទៅកាន់បុគ្គល តាំង សារ៉ាដា ដោយបញ្ចេញមតិយោបល់ណែនាំពន្យល់ឲ្យលោក តាំង សារ៉ាដា ភ្លឺភ្នែកហើយបញ្ឈប់សកម្មភាពដើរវ៉ៃគេឯង ដើម្បីប្រយោជន៍បក្សពួកខ្លួនមួយក្តាប់តូចតទៅទៀត។

ជាក់ស្តែង កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនបានចេញមករិះគន់លោក តាំង សារ៉ាដា ជុំវិញព័ត៌មានបំភ្លែការពិតនេះ។ តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញមតិយោបល់ផ្ញើទៅកាន់លោក តាំង សារ៉ាដា ថា «អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើជូនទៅបងប្រុសតាំង សារ៉ាដា នៅកាសែត The Cambodia Daily ពីការចោទប្រកាន់គ្មានមូលដ្ឋានដោយបងប្រុសគ្រាន់តែចង់កេញចំណេញផ្នែកនយោបាយ។ ខ្ញុំគិតថាជារឿងមួយ អយុត្តិធម៌សម្រាប់ ក្រុមហ៊ុន Galaxy Navatra Group ហើយធ្វើឲ្យប៉ះពាល់ជីវភាពបុគ្គលិករាប់ពាន់នាក់ នឹងអ្នកដែលរស់ក្រោមការផ្គត់ផ្គង់រាប់ម៉ឺននាក់ (សូមបងធ្វើពត៌មានដោយការពិចារណាអោយបានត្រឹមត្រូវ)»។

ចំណែកឯតារាចម្រៀងជួរមុខម្នាក់ទៀត ឧកញ៉ា ខេមរៈ សិរីមន្ត យល់ឃើញថាប្រសិនបើបុគ្គល តាំង សារ៉ាដា ដកចិត្តច្រណែនចេញតែបន្តិច គាត់នឹងអាចមេើលឃើញភាពត្រឹមត្រូវសុច្ចរឹតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយប្រសិនបុគ្គលនេះស្តាប់ និងស្វែងយល់នូវអ្វីដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ញើជូននិងបកស្រាយទៅកាន់ខ្លួនវិញនោះ លោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily គួរឈប់ធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន ដែលគ្រាន់ដើម្បីបម្រើប្រយោជន៍នយោបាយទុច្ចរិតរបស់ខ្លួនផងដែរ។

ជុំវិញរឿងរ៉ាវរបស់បុគ្គល តាំង សារ៉ាដា ដែលធ្វើការអធិប្បាយព័ត៌មានបំភ្លើសការពិតនេះ តារាចម្រៀងលោក ខេម ក៏បង្ហោះវីដេអូព័ត៌មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើជូនទៅលោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily ពីការចោទប្រកាន់គ្មានមូលដ្ឋាន នេះផងដែរ។

ទន្ទឹមនឹងនេះ តារាចម្រៀងស្រីល្បី កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហោះសារបង្ហាញមតិយោបល់អមជាមួយវីដេអូ  អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយបានបញ្ជាក់ច្បាស់ៗបែបនេះ ទៅកាន់លោក សារ៉ាដា ឱ្យស្ដាប់និងយល់អំពីការខិតខំប្រឹងប្រែងរកស៊ីរបស់អ្នកឧកញ៉ាតាំងពីដើមរហូតដល់ពេលនេះទម្រាំបានជោគជ័យ គឺឆ្លងកាត់ការលំបាកច្រើនណាស់។ កញ្ញា តន់ ច័ន្ទសីម៉ា ក៏បានស្នើសុំលោក តាំង សារ៉ាដា ឈប់តាមបំភ្លៃព័ត៌មានមិនពិតទាំងនេះទៀតទៅ។

សូមជម្រាបជូនថា ក្រៅពីតារាចម្រៀងល្បីៗ ក៏មានអ្នកគាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មហាជនអ្នកលេងបណ្តាញសង្គមរាប់ពាន់នាក់តាមរយៈបណ្តាញសង្គម បានរិះគន់យ៉ាងចាស់ដៃទៅកាន់លោក តាំង សារ៉ាដា និងកាសែតក្រៅស្រុក The Cambodia Daily កុំចេះនិយាយអធិប្បាយព័ត៌មានមិនពិត ខណៈមហាជនទាំងនោះ បានបង្ហាញការគាំទ្រសកម្មភាព និងមុខជំនួញអ្នកឧកញ៉ា ដែលជានិច្ចកាលប្រកាន់គោលការណ៍អភិឌ្ឍន៍សេដ្ឋកិច្ច និងសមធម៌សង្គម និងកន្លងមកបានចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចសង្គមនានារបស់រដ្ឋាភិបាលក្នុងទឹកប្រាក់ប្រមាណដល់ជាង ២៣លានដុល្លារសហរដ្ឋអាមេរិក​ឯណោះ។ សាធារណជនទូទៅដែលជាអ្នកគាំទ្រអ្នកឧកញ៉ា ក៏ទទូចទាមទារយុត្តិធម៌ និងភាពស្អាតស្អំជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនទាំងមូលផងដែរ៕

សូមទស្សនាវីដេអូ៖