ឧកញ៉ា ចាន់ សុឃាំង បើកពិធីបុណ្យអង្ករលើកទី១ នៅខេត្តសៀមរាប មានការចូលរួមពីបវរកញ្ញា ២៦ប្រទេស

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​​​​បាន​ចូល​រួម​​ជា​អធិបតីភាព​ក្នុង​ពិធី​បុណ្យ​អង្ករ​លើក​ទី​៥ និង​ជា​លើក​ទី​១ នៅ​ក្នុង​ខេត្តសៀមរាប និង​ជា​កម្មវិធី​អបអរសាទរ​ដែល​អង្ករ​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក ឆ្នាំ២០២២ ព្រម​ទាំង​មាន​ការ​ចូល​រួម​​ផ្សព្វផ្សាយ​ពី​បវរកញ្ញា​ភពផែនដី (Miss Planet Internatinal) ចំនួន ២៦​ប្រទេស ​​កាល​ពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​នេះ​ បាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​សួន​ច្បារ ទល់​មុខ​ព្រះរាជដំណាក់​ខេត្ត​សៀមរាប មាន​រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ២០២៣។ ពិធីបុណ្យ​អង្ករ​លើក​ទី​១ នៅ​ខេត្ត​សៀមរាប​នេះ ​​​​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​សៀមរាប និង​មាន​ភ្ញៀវ​កិត្តិយស​​ចូល​រួម​សរុប​ប្រមាណ​ជាង ៣០០នាក់។

គោលបំណង​សំខាន់​នៃ​ពិធី «បុណ្យ​អង្ករ» គឺ​ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ជា មាស «ស» ហើយ​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ អង្ករ​កម្ពុជា​បាន​ឈ្នះ​ពាន​រង្វាន់ «អង្ករ​ល្អ​ដាច់គេ​របស់​ពិភពលោក» ដែល​ជា​ប្រភេទ​អង្ករ​ម៉ាក «ម្លិះ​អង្គរ» និង​ផលិត​ចេញ​​​ពី​ពូជ​ស្រូវ​ឈ្មោះ «ផ្កា​រំដួល»។ បន្ថែម​ពី​នេះ កម្មវិធី​នេះ ក៏​មាន​បំណង​ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង​ឱ្យ​បាន​កាន់​តែ​ច្រើន ក្រោម​ស្មារតី​នៃ​យុទ្ធនាការ «ទស្សនា​ស្រុក​យើង កម្ពុជា​ស្អាត និង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាកម្ម​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ»។

ឧកញ៉ា ចាន់ សុឃាំង ​​បាន​លើក​ឡើង​ថា ​កម្ពុជា​បាន​ចាប់​ផ្តើម​នាំ​ចេញ​អង្ករ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៩ ដែល​មាន​បរិមាណ​ប្រមាណ​ជា ៦០០​តោន ហើយ​បាន​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ជាង ៦៣​ម៉ឺន​តោន​ជា​មធ្យម នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ ដែល​​បាន​ធ្វើ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ​កន្លង​ទៅ​បាន​ចំនួន​ជាង ៦៣​​ម៉ឺន​តោន គិត​ជា​ទឹក​ប្រាក់​បាន​ចំនួន​ជាង ៤១៨​លាន​ដុល្លារ និង​នាំ​ចេញ​ស្រូវ​បាន​ចំនួន​ជាង ៣.៤​លាន​តោន​ស្រូវ គិត​ជា​ទឹក​ប្រាក់​​បាន​ចំនួន​ជាង ៨៨១​លាន​ដុល្លារ។ បើ​សរុប​ទាំង​ការ​នាំ​ចេញ​អង្ករ និង​ស្រូវ បាន​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១២០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ជា​ចំណែក​មួយ​ដ៏​សំខាន់ សម្រាប់​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ៕