លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង យល់ឃើញថា ដើម្បីឱ្យវិស័យកសិកម្មកម្ពុជារីកចម្រើន ឬអាចប្រៀបបាននឹងប្រទេសជិតខាងដូចជា ថៃ ឬវៀតណាម ត្រូវតែគិតលើកត្តា៣យ៉ាងគឺ ប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ពូជល្អ និងបច្ចេកវិទ្យាកសិកម្មមានភាពទំនើប។
លោកឧកញ៉ា បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានប្រជាជនជាង៧០% ធ្វើកសិកម្ម ប៉ុន្តែក្រោយឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន អ្នកដែលមានបានដោយសារធ្វើកសិកម្ម គឺមានតិចតួចណាស់។ តើនៅកម្ពុជា ឧកញ៉ារាប់ពាន់នាក់ មានឧកញ៉ាប៉ុន្មាននាក់ ដែលរកស៊ីមានបានដោយសារវិស័យកសិកម្ម? សម្រាប់លោកបើឱ្យរាប់លើសពី៣នាក់ គឺរកនឹកមិនឃើញនោះទេ។ អ្នកដែលធ្វើកសិកម្មនៅកម្ពុជា តិចណាស់ដែលអាចក្លាយជាអ្នកមានបាន។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្តថា ហេតុអ្វីប្រទេសមួយធ្វើកសិកម្ម មានប្រជាជនធ្វើកសិកម្មជាង ៧០% មានសណ្ឋានដីល្អ មានប្រជាជនជាង ១៧លាននាក់។ បើគិតជាមធ្យម ប្រជាជនកម្ពុជាម្នាក់មានចំណែកដីជិត ១ហិកតា ឬក្នុង២នាក់ បានដី ១,៥ហិកតា។ ដីប្រទេសយើងធំ ប៉ុន្តែអំណោយផលកសិកម្មទៅមុខទៅក្រោយ តែហេតុផលគឺមានច្រើន ហើយការអនុវត្តវិធីសាស្ត្រផ្នែកកសិកម្មនៅកម្ពុជាយើង ដូចមិនទាន់ត្រូវ ដោយសារយើងធ្វើប្លង់មេធំលើសមាឌ។ ឧទាហរណ៍ ផែនការនាំផលិតផលខ្មែរទៅលក់នៅបរទេស។ ដើម្បីលក់ផលិតផលទៅក្រៅប្រទេសបាន ទាល់តែនៅក្នុងស្រុកហូបគ្រប់គ្រាន់ ដើម្បីក្នុងស្រុកហូបគ្រប់គ្រាន់ ទាល់យើងនិយាយពីការដាំដុះ ដូច្នេះគ្រឹះនៃកសិកម្មកម្ពុជា ត្រូវនិយាយពីប្រភពនៃការដាំដុះ ប្រភពនៃការដាំដុះ ត្រូវនិយាយពីពូជនៃការដាំ ពូជនៃការដាំ គឺប្រព័ន្ធធារាសាស្ត្រ ដែលជាចំណុចបញ្ហាប្រឈមដ៏ធំបំផុតរបស់កម្ពុជាយើង។
ទីមួយ រឿងស្លាប់រស់កសិកម្មនៅកម្ពុជាធំបំផុត គឺប្រព័ន្ធធារាសាស្ត្រ។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គេតែងនិយាយថា ទឹក ភ្លើង ផ្លូវ ប៉ុន្តែក្នុងវិស័យកសិកម្មធំជាងគេ គឺទឹក។ ដូច្នេះដើម្បីឱ្យកសិកម្មកម្ពុជាដើរ ទាល់តែមានប្រព័ន្ធធារាសាស្ត្រ គ្របដណ្តប់ទូទាំងប្រទេស។ នៅប្រទេសដែលកសិកម្មខ្លាំង ដីគេគ្មានទំនេរនោះទេ មានន័យថា ផុតពីរដូវធ្វើស្រែ គេដាំដំណាំ ផុតពីរដូវដាំដំណាំ គេដាំដើមឈើអ្វីផ្សេងៗទៀត។ នៅប្រទេសជិតខាងយើង ត្រឹមវៀតណាម និងថៃ ដីគេគឺមិនទំនេរតែម្តង គេធ្វើស្រែ គេដាំផ្កា គេដាំដំណាំតាមរដូវរបស់គេ ហេតុផលគឺដោយសារប្រព័ន្ធធារាសាស្ត្ររបស់គេគ្រប់គ្រាន់ គេមានទឹកគ្រប់ពេលវេលា ចំណែកឯកម្ពុជាយើង នៅកម្រិតមួយធ្វើស្រែប្រវាស់មេឃ មានន័យថា យើងធ្វើស្រែនៅរដូវមានទឹកភ្លៀង អត់មានទឹកភ្លៀងគឺស្រូវងាប់។ ដូច្នេះមុននិយាយថានាំផលិតផលកសិកម្មកម្ពុជា ទៅលក់ក្រៅប្រទេស សួរថាយើងមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ហើយឬនៅ ដែលប្រព័ន្ធធារាសាស្ត្រ ជាចំណុចសំខាន់បំផុតប្រៀបដូចជាការបុកគ្រឹះក្នុងវិស័យសំណង់។
ទីពីរ បន្ទាប់ពីមានប្រព័ន្ធធារាសាស្ត្រគ្រប់ច្រកល្ហកហើយ គឺគិតរឿង ពូជ។ ធម្មតា ស្រូវ បន្លែ ត្រី សាច់ សុទ្ធតែមានពូជទាំងអស់។ យើងត្រូវរកពូជណា ដែលមានតម្លៃលក់បានថ្លៃ។ យើងសង្កេតឃើញថា ហេតុអ្វីត្រីខ្លះ មួយគីឡូ ១០ដុល្លារ រីឯត្រីខ្លះមួយគីឡូ ៣ដុល្លារ។ ដូច្នេះក្នុងវិស័យកសិកម្ម បើចង់ចំណេញ យើងត្រូវដាំ ឬផលិតរបស់ណា ដែលលក់បានថ្លៃ។ ពូជល្អ គឺពូជដែលដាំដុះ ហើយអាចលក់បានថ្លៃ។
ទីបី បន្ទាប់ពីមានប្រព័ន្ធធារាសាស្ត្រល្អ មានពូជល្អហើយ គឺបច្ចេកវិទ្យា ព្រោះបើក្រឡេកមើលថៃ ឬវៀតណាម គេអាចហៅមេឃឱ្យភ្លៀងមកបានហើយ គេអាចធ្វើភ្លៀងសិប្បនិមិត្តបាន។
លោកឧកញ៉ា បានបន្ថែមថា នៅពេលយើងមានប្រព័ន្ធធារាសាស្ត្រល្អ មានពូជល្អ បច្ចេកទេសយើងទំនើប នៅពេលនោះយើងអាចផលិតក្នុងស្រុក ហើយយើងហូបរបស់លេខ១ ដាំដោយខ្លួនឯង ហើយសល់បានយើងលក់ទៅប្រទេសក្រៅ មិនមែនលក់របស់លេខ១ ទៅឱ្យគេ ហើយខ្លួនឯងហូបរបស់អន់ ឬរបស់លេខ២ នោះទេ។ ការលក់ទៅក្រៅប្រទេស គឺងាយទេ បើសិនជាយើងមានផលិតផលកសិកម្មល្អ ព្រោះប្រទេសជាច្រើន ឬប្រទេសជឿនលឿនជាច្រើន មិនធ្វើកសិកម្មនោះទេ តែពួកគេក៏ត្រូវការញ៉ាំអាហារជារៀងរាល់ថ្ងៃ។
សូមជម្រាបជូនថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិកបុរី វិមានសំណាង ដែលជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕