អ្នកឧកញ៉ា សុខ គង់ ចុះត្រួតពិនិត្យផ្លូវថ្មី ភ្នំបូកគោ-ផ្លូវជាតិលេខ៤ នៅសល់តែ១៦គីឡូទៀតរួចរាល់

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​របស់​លោក ចុះ​ត្រួតពិនិត្យ​ការស្ថាបនាផ្លូវមួយ​ខ្សែ​តភ្ជាប់​ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ខណៈ​ដែល​រហូត​មក​ទល់​ពេល​នេះ ការ​ឈូសឆាយ​សម្រេច​បាន​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ និង​នៅ​សល់​តែ ១៦​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ ​​នឹង​បញ្ចប់​ការ​ឈូវ​ឆាយ​ជា​​ផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ​សម្រេច​​កាល​ពី​ដើម​ឆ្នាំ​២០២២ ឱ្យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​សហការ​ជាមួយ​អ្នកជំនួញ​ជើង​ចាស់​ពីរ​រូប​គឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និង​អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ​​បើក​ការ​​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា ​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច គាំទ្រ​ដល់ការ​វិនិយោគ​ និង​ទាក់ទាញ​ផ្នែក​ទេសចរណ៍។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ​​ធ្លាប់​បាន​បញ្ជាក់​ថា ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយលោកបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយ​ខ្សែ​ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ច​ចំការដូងប្រេង។

សូម​ជម្រាប​ជូន​ថា ការស្ថាបនាផ្លូវមួយ​ខ្សែ​តភ្ជាប់​ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ​​ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​នេះ គឺមួយផ្នែកធំត្រូវឆ្លងកាត់ចំការដូងប្រេងរបស់​​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែ​អ្នកឧកញ៉ា សុខ គង់ ជាអ្នកទទួលរាប់រងរាល់ការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប ទទួលខុសត្រូវ​លើ​ការ​ឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ ខណៈ​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជា​​អ្នក​ជួយ​​សម្របសម្រួល៕