អ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON Group យល់ឃើញថា រាល់បំណងប្រាថ្នា ការចង់មានចង់បាន របស់មនុស្សម្នាក់ៗ សុទ្ធតែជាអន្ទាក់នៃជីវិត ដែលនាំឱ្យយើងក្លាយទៅជាខ្ញុំបម្រើនៃជីវិតដ៏ខ្លីមួយនេះ ដូច្នេះមនុស្សគ្រប់រូបគួរតែចេះមានចិត្តមេត្តា គិតល្អ និងធ្វើរឿងល្អៗឱ្យបានច្រើន ទើបជាការប្រសើរ។

អ្នកឧកញ៉ា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ថាការនឹករលឹក ការគិតគូរគ្នាទៅវិញទៅមក បំណងប្រាថ្នា ការចង់មានចង់បាន សុទ្ធតែជាអន្ទាក់នៃជីវិត ដែលនាំឱ្យយើងក្លាយទៅជាខ្ញុំបម្រើនៃជីវិតដ៏ខ្លីមួយនេះ ពីព្រោះថាពិភពដើម នៃយើងគ្រប់គ្នា គឺមកតែឯង ហើយទៅវិញតែឯង និងមានភាពស្មើគ្នានៅពេលកើតមកហើយ ក៏ស្មើគ្នានៅពេលដែលត្រឡប់ទៅវិញ។ ដូច្នេះសូមបុគ្គលគ្រប់រូបមេត្តា គិតល្អធ្វើល្អ និងបានផលល្អ។

សូមជម្រាបជូនថា អ្នកឧកញ៉ា ជា រតនា និងភរិយា លី ហៀក រតនា ក្រៅពីប្រកបមុខជំនួញជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងរាជធានីភ្នំពេញ អ្នកទាំងពីរតែងតែមានចិត្តមេត្តា ចេះចែករំលែកជួយកិច្ចការងារសង្គមជាច្រើន ដូចជា ជួយបរិច្ចាគរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿង ជាបន្តបន្ទាប់ទៅដល់មណ្ឌលសុខភាពដាច់ស្រយ៉ាលតាមខេត្តនានា បណ្តាអង្គភាពកងទ័ពមួយចំនួន និងជួយកសាងព្រះវិហារនៅតាមទីវត្តអារ៉ាមជាដើម។

គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា លី ហៀក រតនា ទើបត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីពេលថ្មីៗនេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣៕