អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ប្រកាសផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ទៅឱ្យប្រទេសឥណ្ឌូនេស៊ី ជូនលោក អារសាដ រ៉ាជីដ (Arsjad Rasjid) ធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៣។

ពិធីផ្ទេរតំណែងនេះ ស្ថិតក្រោមអធិបតីភាព លោក បណ្ឌិត ហ្ស៊ូលគីភ្លី ហាសាន (Zulkifli Hasan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងមានការចូលរួមពី លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង ១០ប្រទេស ក្រុមប្រឹក្សាធុរកិច្ចចម្រុះ តំណាងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។

រយៈពេលមួយឆ្នាំកន្លងទៅ អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ហើយអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ អ្នកឧកញ៉ា បានចូលរួមដឹកនាំកិច្ចប្រជុំសំខាន់ៗជាច្រើន។ ក្នុងនោះក្នុងកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន អ្នកឧកញ៉ា គិត ម៉េង បានលើកបង្ហាញនូវបញ្ហាមួយចំនួន ដែលនាំការគំរាមកំហែងសម្រាប់ការធ្វើធុរកិច្ច។ បញ្ហាទាំងនោះ មានដូចជាសង្គ្រាមនៅអ៊ុយក្រែន, ការប្រែប្រួលអាកាសធាតុ, ការរាតត្បាតនៃជំងឺឆ្លង, វិបត្តិសេដ្ឋកិច្ចសកល, កំណើនអតិផរណា, បញ្ហារបស់មីយ៉ាន់ម៉ា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាដើម។ ជាមួយគ្នានោះ អ្នកឧកញ៉ា បានគាំទ្រពេញទំហឹងចំពោះជំហររបស់អាស៊ាន ដែលបានប្តេជ្ញារួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។


សូមជម្រាបថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន The ASEAN Business Advisory Council (ASEAN-BAC) ត្រូវបានបង្កើតឡើង ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៧ កាលខែវិច្ឆិកា ឆ្នាំ២០០១ នៅប្រទេសព្រុយណេ។
ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ាន ឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរ អំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាព ជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច៕