ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភព​លោក​​របស់លោក​ឧក​ញ៉ា ម៉ុង ឫទ្ធី គ្រោង​​សម្ពោធ​ជា​ផ្លូវការ​ក្រោយ​ជំងឺ Covid-19 ផុតរលត់

ជុំវិញ​ឧកញ៉ា

ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​របស់លោក​ឧក​ញ៉ា ម៉ុង ឫទ្ធី ដែល​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន គ្រោង​នឹង​បើជា​ផ្លូវការ​យ៉ាង​ប្រាកដ​បន្ទាប់ពី​ជំងឺឆ្លង Covid-19 ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​នៅក្នុងពេល​ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក​បណ្ឌិត​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ចុះ​ត្រួត​ពិនិត្យមើល​សកម្មភាព​របស់លោក Yamamoto ដែលជា​អ្នកជំនាញ​នៅក្នុង​ការរៀបចំ​ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក រួមជាមួយ​ដៃគូ ជាពិសេស ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ប្រណាំង ដែល​គ្រោង​នឹង​បើក​សម្ភោ​ធ​នៅក្រោយពេល​ជំងឺឆ្លង Covid -19 ផុតរលត់​ទៅវិញ​ក្នុង​ឆ្នាំ២០២០នេះ ។


ជាមួយនឹង​ការបើក​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅក្នុងពេល​ខាងមុខនេះ ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​លើកដំបូង​នៅ​កម្ពុ​ជាមួយនេះ ក៏មាន​ទទួល​ការរៀបចំ​កម្មវិធី​ប្រណាំង​យានយន្តផ្សេងៗអាស្រ័យ​ទៅតាម​តម្រូវការ​របស់​ក្រុមហ៊ុន​ឯកជន​នានា ជាពិសេស​មានការ​ដាក់​ជួល​រថយន្ត​ប្រណាំង​បែប​ទំនើប ផងដែរ ប៉ុន្តែ​ចំពោះ​បញ្ហា​តម្លៃ​នៅ​មិនទាន់​បានកំណត់​ជា​ផ្លូវការ​នៅឡើយ​នោះទេ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “សម្រាប់​ពេលនេះ​យើង​មិនអាច​ជួបជុំ​មនុស្ស​ច្រើន​បានទេ បើ​​យើងទាំងអស់គ្នា​ចូលរួម​ការពារ​អនាម័យ គោរព​តាម​ការនែនាំ​របស់​ក្រសួងសុខា​ភិបាល​ ក៏ដូចជា​គោរព​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​មិនយូ​ទេ​យើង​នឹង​អាច​ឆ្លង​ផុតពី​ការឆ្លង​រីក​រាល​មេរោគ​ដ៏​កាច​សាហាវ​នេះ បន្ទាប់មក​យើង​នឹង​អាច​ជួបជុំគ្នា​ដោយ​សេរី​ដូចកាលពីមុនៗវិញ​បាន​ហើយ” ។

តាម​ការ​ឱ្យដឹងពី​លោក​ឧកញ៉ា ម៉ុង ឫទ្ធី កាលពីពេល​កន្លង​ទៅបាន​បញ្ជាក់ថា ទីលានកីឡា​យានយន្ត​នេះ មិនសូវ​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ទេ តែ​វា​នឹង​អាច​ធ្វើជា​ស្ពាន​ចម្លង​​​នៃ​កិច្ចទំនាក់ទំនង រវាង​ក្រុម​កីឡាករ​នៃ​ប្រទេស​ជប៉ុន-កម្ពុជា រួមជាមួយ​នឹង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ដែល​ស្រឡាញ់​ចូលចិត្ត​កីឡា​យានយន្ត​នេះ​ផង​ដែរ​។​ លោក​ឧកញ៉ា​បាន​បញ្ជាក់ថា លោក​នឹង​បង្កើត​ព្រឹត្តិការណ៍ ឱ្យមាន​ការជួបជុំ​ជាមួយ​អ្នក​ស្រឡាញ់​វិស័យ​កីឡា​យានយន្ត ដោយ​នឹងមាន​ការរៀបចំ​ឱ្យបាន​ជួបជុំគ្នា​យ៉ាងហោចណាស់​ក្នុង​រយៈពេល​មួយខែ​ឱ្យបាន​ម្តង។

ដោយឡែក​សម្រាប់​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​នានា​នៅក្នុង​ទីលានប្រណាំង​រថយន្ត​លំដាប់​អន្តរជាតិ ដែលមាន​ប្រវែង​សរុប ២ ២១៧ម៉ែត្រ ត្រូវបាន​បែងចែក​ជា១០ផ្នែកផ្សេងៗពីគ្នា ដូចជា ទី១-ចំណតរថយន្ត និង​ម៉ូតូ , ទី២-ទីធ្លារ​ដាំ​ដើមឈើ, ទី៣-កន្លែង​តាំងពិព័រណ៍​រថយន្ត និង​លក់​​សម្ភារៈ ទី៤-ស្ថានីយ៍​ប្រេងឥន្ធនៈ, ទី៥-បន្ទប់ទឹក​សាធារណៈ, ទី៦-កាហ្វេ និង​អាហារ​ដ្ឋា​ន, ទី៧-ការិយាល័យ សេវាកម្មផ្សេង, ទី៨-កន្លែង​អង្គុយ​ទស្សនា, ទី៩-ទីលាន​ទុកដាក់ និង​ជួសជុល​រថយន្ត ហើយ​ទី១០-ទីលានប្រណាំង​ប្រវែង ២គីឡូម៉ែត្រ។

ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Co.Ltd កាលពីដើម​ខែមករា ឆ្នាំ២០១៩កន្លងមកនេះ បានធ្វើ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី គំរោង​សហប្រតិបត្តិការ​អាជីវ​កម្ម សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ២នៅលើ​ពិភពលោក ដែលជា​គម្រោង​វិនិយោគ​លើកដំបូង​បំផុត​នៅលើ​ទឹកដី ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ប្រទេស​កម្ពុជា៕

ប្រភព៖https://www.propertyarea.asia