សៀវភៅ «ថ្វីគំនិត» ដែលជាសំណៅឯកសារទស្សនវិជ្ជាស្តីអំពីការបដិវត្តន៍ផ្នត់គំនិត និងការប្រឡូកឈានចូលក្នុងវិស័យអចលនទ្រព្យ ហើយក៏ជាឃ្លាំងចំណេះដឹង បទពិសោធ និងព័ត៌មានមិនចេះរីងស្ងួត ត្រូវបានអ្នកនិពន្ធឧកញ៉ា ផន វណ្ណិត ថ្វាយ ប្រគេន និងប្រគល់ជូនដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំរដ្ឋ និងឯកជនប្រមាណជាង ៣ពាន់ក្បាល ត្រឹមរយៈពេល ៤ខែ ដែលទើបចេញផ្សាយកាលពីដើមខែតុលា ឆ្នាំ២០២២។
ក្រុមការងារផលិតសៀវភៅថ្វីគំនិត របស់អ្នកនិពន្ធឧកញ៉ា ផន វណ្ណិត ទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន បានឲ្យដឹងថា រយៈពេល ៤ខែ ក្រុមការងារ និងអ្នកនិពន្ធផ្ទាល់ បានថ្វាយសៀវភៅថ្វីគំនិត ដល់អង្គព្រះកូណាព្រះមហាក្សត្រខ្មែរ និងតម្កល់ទុកនៅក្រសួង ស្ថាប័ន សាកលវិទ្យាល័យ សមាគម និងក្រុមហ៊ុននានាប្រមាណជាង ៣ពាន់ក្បាល ខណៈដែលអ្នកនិពន្ធផ្ទាល់គ្រោងនឹងបោះពុម្ពលើកទី២ ក្នុងចំនួនកំណត់ពិសេស Limited edition។
ក្រសួង ស្ថាប័ន ដែលក្រុមការងារ «សៀវភៅថ្វីគំនិត» បានប្រគល់ជូនរួមមាន៖ មន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយកគណៈធម្មយុត្តិកនិកាយ, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យបញ្ញាសាស្រ្ត, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិភ្នំពេញ, រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងស្ថាប័ន សមាគម។ល។
បើតាមក្រុមការងារសៀវភៅ «ថ្វីគំនិត» នៅក្នុងការបោះពុម្ពលើកទី១នេះ ដែលជាស្នាដៃដំបូងដ៏ពិសិដ្ឋពីឧកញ៉ា បណ្ឌិត ផន វណ្ណិត ជាអ្នកជំនាញក្នុងវិស័យអប់រំ និងអចលនទ្រព្យឆ្នើមម្នាក់ ឃើញថាមានគាំទ្រច្រើនមែនទែន រហូតដល់ពេលខ្លះក្រុមការងារដឹកជញ្ជូនមិនទាន់ក៏មានដែរ បន្ទាប់ពីការកម្ម៉ង់រួច តែក្រុមការងារយើងបានព្យាយាមគ្រប់ឧបសគ្គដើម្បីឲ្យពលរដ្ឋខ្មែរបានអានសៀវភៅដ៏មានសារៈសំខាន់មួយនេះ។
សូមជម្រាបថា សៀវភៅ ‘’ ថ្វីគំនិត’’ គឺជាឃ្លាំងចំណេះដឹង បទពិសោធ គន្លឹះខ្លី ខ្លឹម ច្បាស់ៗ ធ្វើអោយមានគំនិតមិនចេះរីងស្ងួត ។ ទន្ទឹមនឹងនោះ «ថ្វីគំនិត» ជាគន្លឹះសម្រាប់ការវិនិយោគ ដើម្បីស្រូបយកលុយ បង្កើតទ្រព្យ ក៏មានលទ្ធភាពជួយឲ្យមនុស្សយល់ដឹងកាន់តែស៊ីជម្រៅក្នុងការបង្កើតគំនិត ប្រើប្រាស់គំនិត ក្បួនរៀបចំផែនទីជីវិត គំនិតសេដ្ឋវិស័យអចលនទ្រព្យ និងគោលការណ៍ដឹកនាំធុរៈកិច្ចក្នុងស្មារតីគុណធម៌ធំធេងគ្មានទីកំណត់។
ឧកញ៉ា បណ្ឌិត ផន វណ្ណិត អតីតនិស្សិតពីសាកលវិទ្យាល័យនៅប្រទេសឥណ្ឌា និងជាសាស្រ្តាចារ្យ បច្ចុប្បន្នជាអ្នកអភិវឌ្ឍអចលនទ្រព្យមួយរូបនៅក្នុងពិភពជំនួញឆ្នើមនៅប្រទេសកម្ពុជាដ៏ល្បីឈ្មោះ ហើយក៏ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធា បួរ គ្រី ព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ និង ទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន៕