ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហើបឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់ទិសដៅយ៉ាងច្បាស់លាស់រួចរាល់ហើយ សម្រាប់ឆ្នាំ២០២៣ ក្នុងនោះសហព័ន្ធបានកំណត់យកគោលដៅធំៗចំនួនពីរ។
ក្នុងឱកាសចូលរួមធ្វើបទអន្តរាគមន៍នៅក្នុងកម្មវិធីសន្និបាតបូករុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកឧកញ៉ា ចាន់ សុឃាំង បានលើកឡើងអំពីសម្មិទ្ធផលដែលអនុវត្តន៍បានក្នុងឆ្នាំ ២០២២ និងទិសដៅឆ្នាំ២០២៣ ដូចជាការសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន ជាពិសេសជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការងារចរចារទីផ្សារជាមួយនិងបណ្ដាប្រទេសនានា។
សម្មិទ្ធផលឆ្នាំ២០២២កន្លងទៅ ក្រោមការសម្របសមួលរបស់ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំការបោះឆ្នោតដោយជ្រើសរើសបានថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អណត្តិទី០៤ បានយ៉ាងដោយរលូនប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ឧកញ៉ា ចាន់ សុឃាំង បានបន្តថា ចំណែកឯទិសដៅសម្រាប់ឆ្នាំ២០២៣ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់យកគោលដៅចំនួន ២ ធំៗគឺ៖
១. ជំរុញការនាំចេញអង្ករឱ្យបាន ៧៥ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ និងឈានដល់ ១ លានតោនអង្ករនៅឆ្នាំ២០២៥។
២. បង្ករភាពងាយស្រួល ក្នុងការប្រកបរបរអាជីវកម្មក្នុងវិស័យស្រូវអង្ករ ប្រកបដោយប្រាក់ចំណេញ ភាពធន់ និរន្តភាព និងបរិយាបន្ន ដោយដាក់ចេញនូវសកម្មភាពសំខាន់ដូចខាងក្រោម៖
– បន្តពង្រឹងអភិបាលកិច្ច នៃកិច្ចដឹកនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យកាន់តែប្រសើរឡើង និងទទួលបានការទុកចិត្តពីសមាជិក និងភាគីពាក់ព័ន្ធ និងរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៣-២០២៧)។
– បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មី ជាពិសេសប្រទេសហ្វីលីពីន និងពង្រីកសក្តានុពលទីផ្សារផ្សេងទៀត តាមរយៈការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មនៅមជ្ឈឹមបូព៌ា សហគមន៍អឺរ៉ុប។ លើសពីនេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បន្តការពង្រីកសក្តានុពល និងស្នើបង្កើនបរិមាណនាំចេញទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនជាង៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣ នេះតទៅ និងចូលរួមក្នុងការដោះស្រាយបញ្ហាការគ្រប់គ្រងសន្និធិស្បៀងក្នុងស្រុកជាមួយក្រសួងបន្ថែមទៀត។
– បន្តចូលរួមសហការណ៍ជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផែនការផលិតកម្ម និងការផ្គត់ផ្គង់ពូជ រួមជាមួយកិច្ចសន្យាកសិកម្ម។
– ជំរុញ និងធ្វើកិច្ចសហប្រតិបត្តិការលើការរៀបចំកញ្ចប់តម្លៃផ្នែកភស្តុភារកម្ម និងដឹកជញ្ជូនជូនដល់សមាជិក ដើម្បីឱ្យថ្លៃដើមកាន់តែទាប និងមានភាពប្រកួតប្រជែងជាងមុន។ល។
– រៀបចំឱ្យមានមូលនិធិសម្រាប់ការធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ ដែលឆ្លើយតបទៅនឹងភាពប្រកួតប្រជែងទីផ្សារ ភាពធន់ និងការប្រែប្រួលអាកាសធាតុ។ល។
សូមជម្រាបជូនថា ក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសង្ខេបអំពីសកម្មភាពការងារ និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ក្នុងនោះ លោកក៏បានលើកឡើងផងដែរថា ក្រសួងបានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយបង្កើនផលិតកម្ម និងជំរុញការនាំចេញកសិផលសំខាន់ៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ គោលនយោបាយជាតិស្តីពីដំឡូងមី និងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ រួមទាំងវិស័យស្រូវអង្ករផងដែរ៕