កាលជាង១០ឆ្នាំមុន អ្នកឧកញ៉ា ជា រតនា ម្ចាស់សណ្ឋាគារលំដាប់ផ្កាយ ៥ Sun & Moon Riverside ធ្លាប់បាននិពន្ធចម្រៀងមួយបទ ដែលច្រៀងដោយតារាចម្រៀងលោក រិន សាវ៉េត យ៉ាងពិរោះរណ្តំ ព្រមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ប្រជាជនកម្ពុជា។

ក្នុងខ្លឹមសារនៃបទចម្រៀងនេះ អ្នកឧកញ៉ា ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីប្រាសាទព្រះវិហាររបស់ខ្មែរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយជោគជ័យ បន្ទាប់ពីតុលាការអន្តរជាតិទីក្រុងឡាអេ កាត់ក្តីឱ្យថៃចាញ់ និងតម្រូវឱ្យដកទ័ពចេញពីប្រាសាទព្រះវិហារ។
អ្នកឧកញ៉ា ក៏បានរំលេចផងដែរ ពីវីរភាពរបស់កងទ័ពកម្ពុជា ដែលបានតស៊ូការពារទឹកដីខ្មែរឱ្យនៅឋិតថេរគង់នៅ ព្រមទាំងធ្វើឱ្យកងទ័ពថៃដកចេញពីទឹកដីកម្ពុជា និងឈប់ឈ្លានពានតទៅទៀត។ ភាពជោគជ័យទាំងនេះ ក៏ដោយសារកម្ពុជា មានការគិតគូរប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាល។

គួររំលឹកថា ប្រាសាទព្រះវិហារ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ បន្ទាប់មក ប្រទេសកម្ពុជានិងប្រទេសថៃបានចាប់ផ្តើមមានទំនាស់ព្រំដែនយ៉ាងតានតឹងនឹងគ្នានៅជុំវិញតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៨ ដោយសារប្រទេសថៃបានជំទាស់ទៅនឹងការដាក់ប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភណ្ឌពិភពលោក។ ក្រោយកងទ័ពប្រឈមមុខដាក់គ្នាអស់ពេលជិត ៥ឆ្នាំ និងបានប៉ះទង្គិចគ្នាជាច្រើនលើក រហូតដល់មានកងទ័ពមួយចំនួនបាត់បង់ជីវិត ទីបំផុតភាគីកម្ពុជា-ថៃ បានឈានដល់កិច្ចព្រមព្រៀងដកទ័ពចេញពីតំបន់ជម្លោះ នៅចុងឆ្នាំ២០១១ ហើយបន្ទាប់មកទៀត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆ័ន្ទថា សាលក្រមឆ្នាំ ១៩៦២ របស់ ICJ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឱ្យកម្ពុជា ហើយថាប្រទេសថៃមានកាតព្វកិច្ច ត្រូវតែដកទ័ព ប៉ូលីស ឬឆ្មាំថៃ ចេញពីតំបន់នោះ៕
សូមស្តាប់បទចម្រៀងខាងក្រោម៖