ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់ផ្ទះវីឡា និងឡានទំនើបដល់អ្នកប្រដាល់ខ្មែរ បើវ៉ៃឈ្នះប៊ូខាវ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Jes’t Group & 7NG ​​បាន​ប្រកាស​​​ថា លោក​នឹង​ផ្តល់​រង្វាន់​ផ្ទះ​វីឡា​មួយ​ រថយន្ត​ទំនើប​មួយ​គ្រឿង ​និងផ្តល់​ថវិកា​ប្រចាំខែ រយៈពេល​១០​ឆ្នាំ ​​បើ​សិន​ជា​មាន​អ្នកប្រដាល់​ខ្មែរ​រូប​ណា ដែល​អាច​វ៉ៃ​ឈ្នះ​លើ​អ្នកប្រដាល់​ថៃ ប៊ូខាវ បានចាមេគ (Buakaw Banchamek)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រកាស​ផ្តល់​រង្វាន់​របស់​លោក​ឧកញ៉ា ស្រី ចាន់ថន ​​​នៅ​ថ្ងៃ​នេះ គឺ​បន្ទាប់ពី​លោក​ឧកញ៉ា បាន​ឃើញ​វីដេអូ​ក្នុង​សន្និសីទ​កាសែត​មួយ ​ដែល​​អ្នកប្រដាល់​ ប៊ូខាវ បាន​និយាយ​ថា រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេម​ជាសិទ្ធិ​របស់​គេ ថៃ​មិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន ដូច្នេះ​ប្រជាជន​ថៃ​កុំទៅខ្វល់អី។ យើងត្រូវ​និយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះ «Muay Thai» របស់ថៃយើង Original “លេខ ១” ទៅហើយ។

ឧកញ៉ា ស្រី ចាន់ថន អនុប្រធាន​កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ​​បាន​លើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជាសំដីចេញពីមាត់ប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ។ ក្នុងនាម​លោក​​ជាអនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ លោក​ជឿ​ជាក់​ថា​ខ្មែរក៏មានអ្នកខ្លាំងដែរ ហើយ​បើខ្មែរវ៉ៃប៊ូខាវឈ្នះ លោក​នឹង​ឱ្យ​​ផ្ទះ​វីឡាមួយតម្លៃ ២៧ម៉ឺនដុល្លារ ឡានទំនើបមួយគ្រឿង និងថវិកាបន្ថែមប្រចាំខែ រយៈពេល ១០ឆ្នាំ។ លោក​ឧកញ៉ា បាន​បន្ថែម​ថា នេះ​ជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីជាតិរបស់យើង។ ខ្ញុំ​ស្រឡាញ់​កម្ពុជា (I Love Cambodia)។

សូម​ជម្រាប​ថា ក្នុងនាម​​កម្ពុជាជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣ ​​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ដើមខែ​ឧសភា ខាង​មុខ​នេះ ​កម្ពុជា​បាន​សម្រេច​​ប្តូរ​ឈ្មោះ​ប្រដាល់ Muoy (Thai) ទៅ​ជា​​ប្រដាល់​គុនខ្មែរ (Kun Khmer) ដែលជា​ក្បាច់​គុនបុរាណខ្មែរ ហើយក៏បង្ហាញពីកីឡាជាអត្ដសញ្ញាណរបស់ជាតិផងដែរ។

ការ​ប្តូរ​ឈ្មោះ​ទៅ​ប្រដាល់គុនខ្មែរ​នេះ​ បាន​ធ្វើ​ឱ្យ​ភាគីថៃ មិនពេញចិត្តចំពោះរឿងនេះ ហើយ​ពួកគេ​នឹង​មិនបញ្ជូន​អត្ដពលិកមកប្រកួតលើវិញ្ញាសានេះនោះ​ទេ។ ទោះ​យ៉ាងណា បើ​តាម​ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រដាល់​គុនខ្មែរ នៅតែជាវិញ្ញាសាប្រកួតក្នុងស៊ីហ្គេម លើកទី៣២ ដដែល ព្រោះមាន៦ប្រទេស បានគាំទ្រ​និងចូលរួម​ប្រកួត​លើវិញ្ញាសានេះ។ ៦ប្រទេស ដែលនឹងចូលរួមប្រកួត រួមមាន ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី៕