មានស្រុកកំណើតនៅស្រុកបវេល ខេត្តបាត់ដំបង ស្ដ្រីឈ្មោះ យឿត ធីញ អាយុ២៧ឆ្នាំ បានចំណាកស្រុកទៅកាន់ប្រទេសថៃ ដើម្បីជីវភាព ដោយប្រកបមុខរបររកស៉ីជាអ្នកលក់បន្លែ នៅផ្សារក្នុងក្រុងបាងកក ប៉ុន្ដែទៅបានប៉ុន្មានឆ្នាំស្រាប់តែធ្លាក់ខ្លួនឈឺ។
បើតាមក្រុមគ្រួសាររបស់ស្ត្រី ឈ្មោះ យឿត ធីញ បានរៀបរាប់ថា ឆ្នាំ២០២៣នេះថា តាមការពិនិត្យរបស់គ្រូពេទ្យនៅប្រទេសថៃ បានអះអាងថា ស្ដ្រី យឿត ធីញ បានខូចក្រលៀន ទាំងសងខាងដំណាក់កាលចុងក្រោយ។ ប៉ុន្ដែស្ថានភាពនេះ អាចព្យាបាលបានលុះត្រាតែទៅប្ដូរក្រលៀននៅប្រទេសឥណ្ឌា គ្រាដែលក្រុមគ្រួសារពុំមានលទ្ធភាពគ្រប់គ្រាន់នោះឡើយ។

ក្រុមគ្រួសារស្ដ្រីខាងលើ បានប្រកាស និងលើកម្រាមដៃ១០សំពះអង្វរករដល់សប្បុរសជន ជួយឧបត្ថម្ភជាធនធានថវិកាដល់ក្រុមគ្រួសារតាមលទ្ធភាពផងចុះ ដើម្បីគាត់អាចមានឱកាសស្វែងរក ការព្យាបាល បើមិនដូច្នេះទេម្ល៉េះបងស្រីរបស់គាត់ប្រហែលមានឱកាសដើម្បីបន្ដជីវិតទៀតនោះទេ។
កន្លងទៅថ្មីៗនេះ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ក៏បានជួបស្ដ្រី យឿត ធីញ ដោយផ្ទាល់ផងដែរនៅក្នុងផ្សារទីដែលគាត់លក់បន្លែ។ ពេលនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ស្ដ្រី យឿត ធីញ ដើម្បីជាការចូលរួមចំណែកប្រើប្រាស់ក្នុងការព្យាបាល៕


