ទឹកប្រាក់ជាង ២៣ម៉ឺនដុល្លារ ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមបុណ្យផ្កាប្រាក់សាមគ្គី ជួសជុលមហាកុដិ សម្ដេចព្រះសង្ឃរាជ ជួន ណាត

ជុំវិញ​ឧកញ៉ា

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ ផ្ដួចផ្ដើមរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីជួសជុលមហាកុដិ សម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅវត្តឧណ្ណាលោម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលមានវត្តមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ជួសជុលមហាកុដិ សម្ដេចព្រះសង្ឃរាជ ជួន ណាត នាពេលនេះក៏មានអ្នកឧកញ៉ា ឧកញ៉ា ពីសមាគមឧកញ៉ាកម្ពុជាប្រមាណជិត ១០០រូប/ក្រុមហ៊ុន បានចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លា ជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និង នវានុវត្តន៍ និង លោកស្រីឧកញ៉ា ទេពបុប្ផា ប្រសិទ្ធ សរុបជាទឹកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់វិស័យពុទ្ធសាសនា និងថែរក្សាមរតកវប្បធម៌សំណង់បុរាណ ដែលនៅសេះសល់ពីស្នាមព្រះហស្ថសម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ដែលជាអ្នកប្រាជ្ញខ្មែរដ៏ល្បីល្បាញ។ នេះបើតាមលោក ចម ប្រសិទ្ធ តាមរយៈសារជាសំឡេងលើបណ្តាញសង្គមតេឡេក្រាម នាយប់ថ្ងៃទី២កុម្ភៈនេះ។

សូមជម្រាបជូនថា ការចូលរួមចាប់មគ្គផលជួយជួសជុលមហាកុដិ សម្ដេចព្រះសង្ឃរាជ ជួន ណាត ពីសមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា មិនមែនជាលើកទីមួយឡើយ កន្លងទៅបានឧបត្ថម្ភថវិកាចំនួន ១២៧,៨៣១ ដុល្លារសហរដ្ឋអាមេរិក និងភេសជ្ជៈចំនួន ២៥០កេស ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងបាន​រួបរួមគ្នា​បរិច្ចាគ​ជា​ថវិកា​សរុប​ ១,០៩៥,៣៣៤.០០ ​ដុល្លា និង​សម្ភា​រមួយចំនួន​ទៀតរួមមាន​៖​ ម៉ាស់ ១០​ម៉ឺន​, អាល់​កុល ​៣.៦០០​លីត្រ, សាប៊ូលាង​ដៃ ​៦.០០០​លីត្រ, ត្រីខ​ ៥០​កេស​, ទឹកសុទ្ធ​ ១០.០០០យួរ/កេស ​និង​ចេក ទុំ២០​កេស​ ជូន​ដល់កងទ័ព​ជើង​គោក នៃ​កង​យោធព​លខេ​ម​រភូមិន្ទ។

នៅខែតុលា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអនុប្រធាន និងសមាជិក សមាជិការបស់សមាគម បានចូលរួមជួយឧបត្ថម្ភ គាំទ្រដោយសទ្ធាជ្រះថ្លា ដល់ដំណើរការសាងសង់ អភិវឌ្ឍន៍ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងនៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ ចំនួនបច្ច័យជាង ២លានដុល្លារ ថ្វាយប្រគេនសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាការឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល មកសមាគមឧកញ៉ាកម្ពុជា និងជាការចូលរួម លើកកម្ពស់វិស័យព្រះពុទ្ធសាសនាផងដែរ៕