ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញពីសញ្ញាបត្រមធ្យមសិក្សាកំរិត២ (បាក់ឌុប) របស់លោក កាលសម័យប្រឡងឆ្នាំ១៩៨៩ ដោយលោកឧកញ៉ាប្រឡងបាននិទ្ទេសមធ្យម។ លោកឧកញ៉ា ចង់ចែករំលែកបទពិសោធន៍ថា ទោះប្រឡងបាននិទ្ទេសអ្វីក៏ដោយ ជាប់ឬធ្លាក់ យើងនៅតែមានសង្ឃឹមសម្រាប់ទិសដៅអនាគត។
លោកឧកញ៉ា លឹម ហេង បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យ៉ាងដូច្នេះថា ថ្ងៃនេះឃើញសិស្សប្រឡងជាប់និទ្ទេស A បានទទួលរង្វាន់ធ្វើឱ្យលោកនឹកឃើញកាលពីប្រឡងបាក់ឌុបឆ្នាំ១៩៨៩ បានជាប់និទ្ទេសមធ្យម គឺជាលទ្ធផលដែលទទួលបានពីការប្រឡងនៅមណ្ឌលសន្ធម៉ុក (តែជាសិស្សនៅសាលា បាក់ទូក)។
លោកឧកញ៉ា បានបន្តថា មិនថាជាប់ឬធ្លាក់ទេ យើងនៅតែមានក្តីសង្ឃឹមសម្រាប់ទិសដៅអនាគតរបស់ខ្លួនយើង និងការបង្កើតគ្រួសាររបស់យើង នៅក្នុងសង្គមប្រកបដោយភាពជឿជាក់លើសមត្ថភាពខ្លួនឯង ស្របទៅតាមគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋ។
សូមជម្រាបជូនថា បច្ចុប្បន្នលោកឧកញ៉ា លឹម ហេង មានតួនាទីជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Heng Mean Investment Group និង An Mady Group។ តាមរយៈការប្រកបមុខជំនួញនិងការចូលរួមចំណែកជួយសង្គមជាច្រើន បានធ្វើឱ្យលោកទទួលបានគោរមងារជា «ឧកញ៉ា» តាំងពីឆ្នាំ២០០៨៕