នៅខែមករា ឆ្នាំ២០២៣ សប្បុរសជន ពាណិជ្ជករខ្មែរប្រមាណ ១១រូប ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរម្យងារ «អ្នកឧកញ៉ា ឧកញ៉ា» នៅក្នុងថ្ងៃនិងព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា។
ឋានន្តរស័ក្តិ « អ្នកឧកះញ៉ា ឧកញ៉ា» គឺជាគោរមងារសម្រាប់បុគ្គលណា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងបរិមាណកំណត់ ដើម្បីកសាងសមិទ្ធផលជាប្រយោជន៍ដល់សង្គមជាតិ។ នៅកម្ពុជា បុគ្គលដែលបានទទួលងារជាឧកញ៉ា មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ។ ជាការកត់សម្គាល់ ពាណិជ្ជករដែលទើបទទួលគោរមងារ «អ្នកឧកញ៉ា ឧកញ៉ា» ពីព្រះមហាក្សត្រ នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ភាគច្រើនសង្កេតឃើញសុទ្ធតែវិនិយោគិនជើងចាស់ ហើយក៏កំពុងគ្រប់គ្រងអាណាចក្រជំនួញប្រាក់ពាន់លាននៅក្នុងដៃ រួមមាន៖
ឧកញ៉ា ជា រតនា និងឧត្តមភរិយា គឺឧកញ៉ា លី លីហៀក ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group ទទួលងារ «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ អគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP ដែលជាកូនស្រីបង្កើត និងកូនប្រសារ អ្នកឧកញ៉ា ជា រតនា គឺលោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៨។
អគ្គនាយកក្រុមហ៊ុន BS Land and Home និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឧកញ៉ា លី សេងឃាង ទទួលគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២។ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឧកញ៉ា ចាប ហុងលី ទទួលគោរមងារ «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣១ ចុះថ្ងៃទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
ឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/ករត/០១២៣/០៣០ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក លឹម តុង ជាប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ទទួលបានគោរមងារ «ឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០២៦។
បន្ថែមទៀតនោះ ពាណិជ្ជករវ័យក្មេងម្នាក់ គឺលោក កែវ សម្បត្តិ ម្ចាស់ហាងលក់មាសពេជ្រ ហង្សមាស ដ៏ល្បីល្បាញកណ្តាលទីក្រុងភ្នំពេញ ក៏ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ«ឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៦៧ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៣។
ដោយឡែក កូនប្រសាររបស់លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ គឺឧកញ៉ា ទៀ ណារ៉ាវុទ្ធ (ចាង យុនហ្វេង) ក៏ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/១៣៥ ចុះថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣។ លោកត្រូវបានគេដឹងថា បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និងក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd។ បន្ថែមពីនេះ លោកក៏ជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា។ លោកឧកញ៉ា ក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិផងដែរ។
ជាមួយគ្នានេះដែរ ភរិយារបស់ឧកញ៉ា ទៀ ណារ៉ាវុទ្ធ គឺលោកស្រី មាស សុភារី កូនស្រីលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/១៣៦ ក្នុងថ្ងៃដូចគ្នាផងដែរ៕