លោកឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST) ទទួលការបានបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។
ឧកញ៉ាបណ្ឌិត ត្រាំង លី សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានប្រតិបត្តិនៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (CHEA) ទទួលបានការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសសម្ដេច ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា នៅវិមានសន្តិភាព។ លោកឧកញ៉ា ត្រាំង លី ទទួលបានមេដាយខ្ពស់បំផុតរបស់ជាតិនេះ ជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការចូលរួមក្នុងសកម្មភាពសង្គមជាតិ ជាពិសេសការកសាងថ្នាលអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។
ក្នុងពិធីជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមអនឡាញ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ កន្លងទៅនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមាជិកគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩។
សូមជម្រាបជូនថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST) ជាសាលាដែលមានស្តង់ដាកម្រិតខ្ពស់លំដាប់អន្តរជាតិមួយនៅកម្ពុជា ដែលលោកឧកញ៉ាបណ្ឌិត ត្រាំង លី បានបង្កើតឡើង តាំងពីឆ្នាំ២០០៤។ សាលាអន្តរជាតិនេះ មានទទួលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ហើយបច្ចុប្បន្នមាន៣ទីតាំងគឺ ១)CIA FIRST SENSOK ស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ២)CIA FIRST SENSOK High School (ថ្នាក់ទី៩-ថ្នាក់ទី១២) ស្ថិតនៅផ្លូវ ដួងងៀប៣ ខណ្ឌសែនសុខ និង ៣)CIA FIRST Chbar Ampov ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕