ឧកញ៉ា ហេង បូរិន ប្រកាសឧបត្ថម្ភកីឡាករ ព្រំ សំណាង ទោះឈ្នះឬចាញ់ ពេលប្រកួតនៅ Thai Fight

ជុំវិញ​ឧកញ៉ា

នាព្រលប់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ លោកឧកញ៉ា ហេង បូរិន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ​​បាន​ប្រកាស​ផ្តល់​ការ​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន ដល់​កីឡាករ​ប្រដាល់​​ឆ្នើម​របស់​កម្ពុជា ព្រំ សំណាង ដែល​​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន Thai Fight ជា​លើក​ដំបូង នៅ​​ថ្ងៃទី​០៥ ខែ​​កុម្ភៈ ឆ្នាំ២០២៣ ចុង​សប្តាហ៍​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ហេង បូរិន បាន​លើក​ឡើង​​ថា ​កីឡាករ ព្រំ​ សំណាង​ ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​កម្ពុជា​យើង​ ដែល​នឹ​ង​ត្រូវ​ប្រកួត​​នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​អាទិត្យ​ ទី​០៥ ខែកុម្ភៈ ចុង​សប្ដាហ៍​នេះ។ ដូច្នេះ​លោក​ឧកញ៉ា​ ​លើក​ទឹកចិត្ត​ ប្រសិន​បើ​ប្រកួតឈ្នះ​ ​លោក​នឹងឧបត្ថម្ភ​ ៥០០ដុល្លារ​ បើ​ចាញ់​​​ឧបត្ថម្ភ​ចំនួន​​ ៣០០ដុល្លារ។ លោក​ឧកញ៉ា​ បន្ថែម​ថា​ ថវិកា​នេះ​​នឹង​វេរ​ទៅ​លោក​គ្រូ​បង្វឹក​​ ស៊ន អេលីត ដើម្បី​យក​ទៅ​ប្រគល់​ជូន​កីឡាករ ព្រំ​ សំណាង​ ជា​ការ​លើក​ទឹកចិត្ត។ យ៉ាងណាមិញ លោក​ឧកញ៉ា ហេង បូរិន សូម​ជូនពរ​​ឱ្យ​កីឡាករ​ ព្រំ សំណាង ​ឈ្នះ​ការ​ប្រកួត​​​អន្តរជាតិដ៏​ធំ​មួយ​នេះ​ ​​ដើម្បី​ជួយ​លើកស្ទួយ​កិត្តិយសជាតិ និង​មុខមាត់​របស់​ប្រទេសកម្ពុជា។

គួរ​បញ្ជាក់​ថា កីឡាករ​ ព្រំ សំណាង ​​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​សង្វៀន​ Thai Fight ទីក្រុង​បាងកក ​ប្រទេស​ថៃ​ ជា​លើក​ដំបូង​​របស់​ខ្លួន សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​​​ ​ដែល​នឹង​ត្រូវ​ប៉ះ​កីឡាករ​ប្រដាល់​​​​ជើង​ខ្លាំង​​ជនជាតិ​​អង់គ្លេស Thomas Capenter នា​ថ្ងៃ​អាទិត្យ ទី​០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​ ​​៧៨​គីឡូក្រាម។

សូម​ជម្រាប​ផងដែរថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោកឧកញ៉ា ហេង បូរិន ​​ឧបត្ថម្ភថវិកា​ដល់​កីឡាករ​ប្រដាល់​កម្ពុជា។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០២២​កន្លង​ទៅ លោកឧកញ៉ា ក៏​បាន​ឧបត្ថម្ភ​​ថវិកា​លើក​ទឹក​ចិត្ត​ដល់​កីឡាករ ធឿន ធារ៉ា ​ចំនួន ៣០០ដុល្លារ បន្ទាប់​ពី​​​កីឡាករ​រូប​នេះ​ បាន​​ផ្តួល​កីឡាករ​ថៃ ឱ្យ​ចុះ​ចាញ់​នៅ​ទឹកទី​១ និង​ទទួល​បាន​ពាន​រង្វាន់​ស្តេច​ថៃ ជា​ប្រវត្តិសាស្ត្រ ហើយ​ក្នុង​នោះ​លោក​ឧកញ៉ា ក៏​បាន​ឧបត្ថម្ភ​ដល់​កីឡាករ​ ហ៊ុន កន ដែល​ចាញ់​ការ​ប្រកួត​នៅ​ទឹក​ទី​២ ចំនួន ១០០ដុល្លារ ផង​ដែរ៕