អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចែករំលែកពីគន្លឹះចំនួន២ចំណុច ក្នុងការសម្រេចចិត្ត ដើម្បីបញ្ចៀសពីវិបត្តិនៅអាយុពាក់កណ្តាលជីវិត ដែលមនុស្សជាទូទៅតែងជួបប្រទះដូចជា មានអារម្មណ៍ថាឯកាតែម្នាក់ឯង ឬលើការរៀបចំជីវិតឱ្យមានតុល្យភាព ទាំងស្ថានភាពគ្រួសារ និងកិច្ចការងារផ្សេងៗ។

អាយុពាក់កណ្តាលជីវិត គឺអ្នកឧកញ៉ាចង់សំដៅដល់ “មនុស្សម្នាក់ស្ថិតនៅចន្លោះវ័យជំទង់ និងវ័យចំណាស់” នៅពេលអាយុ២០ប្លាយ ដល់អាយុ៤០ប្លាយ ឬវ័យពី៤០ ទៅជិត៦០ឆ្នាំ ដែលវ័យនេះ គឺយើងម្នាក់ៗត្រូវចិញ្ចឹមបីបាច់កូន ថែរក្សាឪពុកម្តាយដែលមានវ័យចំណាស់ និងកំពុងព្យាយាមឱ្យមានតុល្យភាពកិច្ចការទាំងនេះ ជាមួយនឹងការយកចិត្តទុកដាក់លើខ្លួនឯង។ បន្ទុកនៃការមើលថែអាចកាន់តែធ្ងន់ធ្ងរថែមទៀត សម្រាប់អ្នកដែលមានពេលវេលាតិច ឬធនធានហិរញ្ញវត្ថុមានកម្រិត។ បញ្ហាប្រឈមទាំងនេះ កាន់តែធ្ងន់ដោយសារការផ្លាស់ប្តូរផ្ទាល់ខ្លួន គឺការសង្កេត និងការយល់ដឹងរបស់យើង ពីព្រោះកម្លាំង និងជំនាញដែលយើងមានពីមុន ចាប់ផ្តើមធ្លាក់ចុះជាលំដាប់។

ទោះជាយ៉ាងណា អ្នកឧកញ៉ា ជឿថាយើងអាចធ្វើការកាត់បន្ថយវិបត្តិនៅពាក់កណ្តាលជីវិតនេះបាន ដោយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃចំនួនពីរទាក់ទងពីរបៀបនៃការគិតអំពីអាយុពាក់កណ្តាលជីវិត។
ការសម្រេចចិត្តទី១៖ សូមជ្រើសរើសផ្តោតលើអ្វីដែលអាយុពាក់កណ្តាលជីវិតនេះផ្តល់ឱ្យអ្នក មិនមែនអ្វីដែលអ្នកបាត់បង់នោះទេ។ ចំណុចទាំងនេះរួមបញ្ចូលការពង្រីកសមត្ថភាពក្នុងការទទួលយកថា យើងនឹងមានភាពរីកចម្រើនខាងផ្លូវចិត្ត ជាមួយនឹងបទពិសោធជីវិតយូរជាងនេះ។ អ្នកអាចចែករំលែក និងបង្រៀនមនុស្សជំនាន់ក្រោយឱ្យយល់ពីចំណុចស្មុគស្មាញទាំងនេះ។ ការពិតនោះគឺគ្មាននរណាម្នាក់កាន់តែក្មេងជាងវ័យនោះទេ។ ម្យ៉ាងវិញទៀត ជាការពិតដែរថាអ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតតែម្នាក់ឯងនោះទេ។
ការសម្រេចចិត្តទី២៖ ជ្រើសរើសការដកចេញនូវអ្វីមួយ ជាជាងការបន្ថែម។ កាលនៅវ័យក្មេង ភាពជោគជ័យជាធម្មតាកើតចេញពីការបន្ថែមដូចជា ប្រាក់កាន់តែច្រើន ការទទួលខុសត្រូវកាន់តែច្រើន ទំនាក់ទំនងកាន់តែច្រើន ទ្រព្យសម្បត្តិកាន់តែច្រើន។ ទោះយ៉ាងណាក៏ដោយ នៅពេលអ្នកចូលពាក់កណ្តាលជីវិត អ្នកគួរតែបន្ថយល្បឿនក្នុងការបូកបន្ថែមមុខងារ និងកិច្ចការមិនចាំបាច់ ហើយងាកមកផ្តោតអារម្មណ៍លើកាតព្វកិច្ចដែលអ្នកកំពុងមាន។ គតិនេះនឹងជួយអ្នកឱ្យធ្វើការលើតុល្យភាព និងកំណត់អាទិភាពលើរឿងសំខាន់ៗ ដូចជា ការមមាញឹកលើជីវិតផ្ទាល់ខ្លួន គ្រួសារ កម្លាំងកាយ ភាពស្មុគស្មាញនៃការងារ ហើយជាការពិតណាស់ ការគេងឱ្យបានគ្រប់គ្រាន់។ ជាថ្មីម្តងទៀត អ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតម្នាក់ឯងនោះទេ។

អ្នកឧកញ៉ា គិង ម៉េង បានបញ្ជាក់បន្ថែមថា ជាការពិតសម្រាប់មនុស្សភាគច្រើន ជីវិតកាន់តែប្រសើរឡើង ពេលចាប់ផ្តើមពីវ័យកណ្តាល។ ជាច្រើនឆ្នាំក្រោយការឈានចូលវ័យកណ្តាល ជាមួយនឹងការរៀបចំជីវិត យើងអាចទទួលបានសុភមង្គលជាងមុន មានភាពបត់បែនក្នុងជីវិតជាងមុន មានគតិបណ្ឌិតថ្មី មានពិសោធន៍ច្រើនជាងមុន និងមនសិការល្អៗកាន់តែច្រើន។ យ៉ាងណាក្តី យើងនឹងប្រឈមមុខនឹងការលំបាក និងឧបសគ្គដោយចៀសមិនផុត ប៉ុន្តែប្រសិនបើយើងធ្វើការជ្រើសរើសត្រឹមត្រូវ អាយុពាក់កណ្តាលជីវិត អាចជាឱកាសដ៏ល្អបំផុត ដូចអ្វីដែលយើងធ្លាប់ឮថា “អារម្មណ៍២០ឆ្នាំក្នុងវ័យ៣០” ប៉ុន្តែសម្រាប់អ្នកឧកញ៉ា មានឃ្លាមួយទៀតគឺ “អារម្មណ៍២០ឆ្នាំក្នុងវ័យកណ្តាល”៕