អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានថ្លែងបញ្ជាក់ថា ការសម្រេចជ្រើសរើសលោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈប៊្រូវើរី គឺដោយសារតែលោក G-Devith គឺជាសិល្បករមួយរូបដែលមានឆន្ទះ ការតស៊ូខ្ពស់ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវ័យឆ្លាត ទាំងការតែងនិពន្ធ ការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀង និងការធ្វើទីផ្សារសម្រាប់ខ្លួនឯងបានយ៉ាងល្អ។
ការថ្លែងរបស់អ្នកឧកញ៉ា ដូចនេះបានធ្វើឡើងនៅក្នុងពិធីប្រកាសស្វាគមន៍លោក G-Devith ក្លាយជាទូតសុច្ឆន:របស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការ ក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលបានប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣។
ស្តាប់ប្រសាសន៍អ្នកឧកញ៉ា សំអាង វឌ្ឍនៈ៖
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានថ្លែងបញ្ជាក់ទៀតថា លោក G-Devith ក៏បុគ្គលយកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពរាល់កិច្ចការ ដែលឆន្ទះនេះដូចទៅនឹងឆន្ទះរបស់វឌ្ឍនៈប៊្រូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន។ ដូច្នេះហើយការសហការរវាងវឌ្ឍនៈ ប៊្រូវើរី និងលោក G-Devith នឹងនាំអ្វីអស្ចារ្យទាំងសម្រាប់ដេវីត និងស្រាបៀរ វឌ្ឍនៈនិងដ្រាហ្គិន។
ជាមួយគ្នានេះ លោក G-Devith ក៏បានបង្ហាញអារម្មណ៍រំភើបដែលបានសហការជាមួយក្រុមហ៊ុនវឌ្ឍនៈប៊្រូវើរី ហើយក៏បានសន្យាចំពោះមុខអ្នកគាំទ្រជាពាន់នាក់ ថានឹងបង្កើតភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀងថ្មីៗ ផលិតវីដេអូចម្រៀងឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំតន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខផងដែរ។
ស្តាប់ការលើកឡើងពីលោក G-Devith
គួរបញ្ជាក់ថា ក្រៅពីការចុះហត្ថលេខាធ្វើជាទូតសុច្ឆន:របស់ស្រាបៀរវឌ្ឍនៈនិងដ្រាហ្គិនជាផ្លូវការ លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីៗជាច្រើនបទនៅក្នុងអាល់ប៊ុម Passion II របស់លោកដោយមានការចូលរួមពីហ្វេន និងទស្សនិកជនរាប់ពាន់នាក់។
វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង និងច្បាស់លាស់។ វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕