អ្នកឧកញ៉ា គួច ម៉េងលី ថាវិស័យអប់រំកម្ពុជា មិនអាចប្រៀបប្រទេសជិតខាងបាន ដោយសារ៤ចំណុច

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យល់ឃើញ​ថា វិស័យអប់រំ​កម្ពុជា​បច្ចុប្បន្ន​ មិន​ទាន់​អាច​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង ឬ​ប្រទេស​ក្នុង​តំបន់​បាន ​​ដោយសារ​​យើង​នៅ​មាន​ចំណុច​ខ្សោយ​ ៤​ចំណុច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍​ជាមួយ​ ឧកញ៉ា ញូស៍ ​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកឧកញ៉ា ​​បាន​លើក​ឡើង​ពី​ទ្រនិក​​​ខ្វះ​ចន្លោះ​​ក្នុង​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា ដូច​ខាង​ក្រោម៖

១. ប្រាក់ខែគ្រូនៅទាប៖ ប្រាក់ខែគ្រូមិនទាន់ពេញលេញគ្រប់គ្រាន់ ដើម្បីអាច​ឱ្យ​គ្រូ​ផ្តោត ១០០% ​​លើ​ការ​បង្រៀន​នៅ​សាលា​តែ​មួយ​កន្លែង។ មិនថារដ្ឋ ឬឯកជនទេ យើងចង់ឃើញគ្រូផ្តោត ១០០% លើសាលាណាមួយឱ្យប្រាកដ ទាំងចិត្តទាំងកាយ មនោសញ្ចេតនា និងអារម្មណ៍ គឺផ្តោតលើសាលាណាតែមួយ ជាជាងរត់ពីនេះ​ទៅ​នោះ ពីនោះ​មក​នេះ។ ដល់ពេលគ្រូមានឱកាសបង្រៀនពីរដ្ឋ ទៅឯកជន ឬពីឯកជនទៅឯកជនណាមួយ​ទៀត ធ្វើ​​ឱ្យ​ការ​បង្រៀន​បាត់​ថាមពល ពុំសូវមានភាពរលូននោះទេ។ ប៉ុន្តែដោយសារកត្តាជីវភាព គ្រូមួយចំនួនត្រូវការរត់ចុះ​រត់ឡើង ដើម្បីបំពេញសេដ្ឋកិច្ចគ្រួសារ ដូច្នេះការបង្រៀនរបស់គាត់ ត្រូវឆ្លៀតទៅក្រៅ ឆ្លៀតទៅបង្រៀនគួរ ឆ្លៀត​ទៅ​បង្រៀន​នៅ​សាលា​ផ្សេងៗ​ទៀត គាត់មិនអាច​ផ្តោត​អារម្មណ៍​ ១០០% ទៅ​លើ​សិស្ស​ទេ ជាពិសេស​គ្រូ​ដែល​បង្រៀន​នៅ​សាលារដ្ឋ ហើយ​រត់​មក​បង្រៀន​នៅ​សាលា​ឯកជន​ទៀត។

២. ខ្វះសម្ភារៈសិក្សា៖ ដូចជាសៀវភៅ​សម្រាប់​អាន សម្រាប់​ថ្នាក់នីមួយៗ ជាជាង​គ្រាន់​តែ​ឱ្យ​កត់ត្រា ឬ​ស្រាវជ្រាវ​តាម​អនឡាញ​ជាដើម។ យើងគួរតែ​មាន​សៀវភៅ​គោល​ឱ្យ​បាន​ច្រើន ហើយ​សៀវភៅ​គោល​ទាំង​នោះ គឺ​សរសេរ​ដោយ​បញ្ញវន្ត​ជ្រៅជ្រះ​ទូលាយ មិនមានពាក់ព័ន្ធ​នឹង​នយោបាយ ប្រវត្តិ​ឱ្យ​បាន​វែងឆ្ងាយ។

៣. ខ្វះអ្នកបញ្ញវន្ត​ពិត​៖ នៅ​ស្រុកខ្មែរ​ច្រើន ដែល​មិន​មាន​អ្នកនិពន្ធ ឬ​មិន​ហ៊ាន​និពន្ធ​រឿង​ពិត ដល់​ពេល​យូរៗ​ទៅ​​ គំនិត​ចាប់​​ផ្តើម​តឿ​ឡើងៗ ​​ហើយ​​​គុណភាព​ការ​បង្រៀន​ក៏​ចុះ​ថយ​តាម​ហ្នឹង។ ទាំងនេះ ធ្វើ​ឱ្យ​​ការ​រៀនសូត្រ​ទាំង​មូល​មិន​ពេញលេញ នេះមិនមែនដោយសារ​គេ​ហាមឃាត់ទេ តែដោយសារ​ភាព​រុញរា​របស់​បុគ្គល​រៀងៗ​ខ្លួន។ យើងនៅខ្វះការសរសេរ និងការស្រាវជ្រាវច្រើន ដូចជាទៅលើផ្នែកប្រវត្តិសាស្ត្រ សង្គម សិល្បៈ ផ្លូវចិត្ត ភូមិសាស្ត្រ វិទ្យាសាស្ត្រ ដើម្បីឱ្យកូនខ្មែររៀនចប់ទៅ ហាក់បីដូចជាទូលំទូលាយដូចប្រទេសជិតខាង ដូចប្រទេសអភិវឌ្ឍ។ យើងមិនអាចយកលេសថា ប្រទេសយើងកំពុងអភិវឌ្ឍទៀត​នោះ​ទេ បើ​យើង​កំពុង​អភិវឌ្ឍ តែយើង​មិន​អភិវឌ្ឍ នោះ​វា​នឹង​មិន​ទៅ​មុខ​នោះ​ទេ ដូច្នេះ​យើងត្រូវការ​យុទ្ធនាការ ឬ​ការ​ប្តេជ្ញាចិត្ត។

៤. បច្ចេកវិទ្យាមានកម្រិត៖ ប្រជាជននៅតាមជនបទភាគច្រើន ពុំទាន់មានឧបករណ៍បច្ចេកវិទ្យាប្រើប្រាស់គ្រប់​គ្រាន់ ឬសេវាកម្ម​មិន​ទាន់​ដល់​ ដូចជាប្រព័ន្ធអ៊ីនធឺណែត Wi-Fi ជាដើម។ ចំណែកឯសេវាទូរស័ព្ទក៏នៅខ្សោយ ដូច្នេះ​ពិបាកស្រាវជ្រាវ ហើយ​អ្វីៗ​ទាំង​អស់​បាន​ផ្តុំ​នៅ​ក្នុង​ក្រុង ឬ​រាជធានីភ្នំពេញ។ ជារួម​មក ប្រទេស​ទាំង​មូល មិន​អាច​លូតលាស់​ តាមរយៈ​ការ​អភិវឌ្ឍ​បណ្តុះ​តូចតាច​បែប​នេះ​នោះ​ទេ តែ​ត្រូវ​​មាន​ភាព​ទូលំទូលាយ​ទូទាំង​ប្រទេស។

អ្នកឧកញ៉ា គួច ម៉េងលី ក៏បាន​លើកឡើង​ជា​សំណូមពរ​ផង​ដែរ​ថា ដើម្បី​​ធ្វើ​ឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​បាន​លឿន ​​យើង​គួរ​តែ​រួប​រួម​គ្នា​ទាំង​ប្រជាពលរដ្ឋ បុគ្គលិក​ឯកជន គ្រូ​បង្រៀន​ មន្ត្រីរាជការ និង​ថ្នាក់​ដឹកនាំ​គ្រប់​កម្រិត​​ ត្រូវ​ខិត​ខំ​ទាំង​អស់​គ្នា កុំ​​​បណ្តោយ​តាម​យថាកម្ម ឬ​​រុញទូក​បណ្តោយ​ទឹក ដែល​ជា​ដំណើរការ​ទៅ​មុខ​យឺតៗ​ មិន​ទាន់​ពេញ​​តាម​តម្រូវការជាក់ស្តែង៕