ឧកញ៉ា សុខ មុយលី ដែលជាប្អូនថ្លៃរបស់លោកឧកញ៉ា អ៊ឹង គីមហុង បានក្លាយជាសមាជិកសាមញ្ញ នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្នឧកញ៉ា សុខ មុយលី មានតួនាទីជានាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. (TLL Real Estate Co.,Ltd) ជាក្រុមហ៊ុនទិញ លក់ និងជួលអចលនទ្រព្យ ព្រមទាំងមានជំនួញផ្ទាល់ខ្លួនជាច្រើនទៀតនៅក្នុងដៃ។ ក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. មានអាសយដ្ឋាននៅ ផ្ទះលេខ៥៤ ផ្លូវលេខ ២០០៥ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឧកញ៉ា សុខ មុយលី ត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតលោកជំទាវ សុខ ស្រីអូន ត្រូវជាឧត្តមភរិយាលោកឧកញ៉ា អ៊ឹង គីមហុង ម្ចាស់បុរី TLL និងហាងម៉ូតូហុងដា សាខានៅរាជធានី ខេត្តមួយចំនួន។ សូមជម្រាបជូនផងដែរថា លោកស្រី សុខ មុយលី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២៕