ជាអ្នកជំនួញផ្នែកអចលនទ្រព្យមួយរូប ហើយក៏ជាប្រធានសភាពាណិជ្ជកម្មដែលគ្រប់គ្រងខេត្តចំនួនពីរគឺខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំង ឧកញ៉ា សុខ ស្រស់ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» និងលោកជំទាវ សំអឿន សុគន្ធារី ថ្នាក់ «មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយស ប្រគល់ជូនសប្បុរសជនចូលរួមឧបត្ថម្ភជួយសង្គមជាតិ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៣/២៧១ ចុះថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៣ ចំនួនពីរទំព័រព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ដល់សប្បុរសជនចំនួន ៧៥រូប ក្នុងនោះលោកឧកញ៉ា សុខ ស្រស់ ឈរលេខរៀងទី៤ ថ្នាក់ «ជាតូបការ» ចំណែកលោកជំទាវ សំអឿន សុគន្ធារី នៅលេខរៀងទី២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។
ឧកញ៉ា សុខ ស្រស់ ព្រមទាំងក្រុមគ្រួសារគឺជាសប្បុរសជនដ៏ឆ្នើមម្នាក់ក្នុងការចូលរួមបរិច្ចាគទ្រព្យធនធានទាំងថវិកា និងសម្ភាៈដល់រាជរដ្ឋាភិបាល ហើយក៏ជាពុទ្ធសាសនូបត្ថម្ភន៍ក្នុងព្រះពុទ្ធសាសនាដែលតែងតែបង្ហាញមុខប្រគេនបច្ច័យកសាងសមិទ្ធផលនានា និងទ្រទ្រង់ដល់សិក្សារៀនសូត្ររបស់ព្រះសង្ឃពុទ្ធសាសនា។
ក្រៅពីកិច្ចការងារសង្គម និងសាសនាហើយនោះ នៅឆ្នាំ២០១៥ លោកឧកញ៉ា ទទួលបានការទុកចិត្ត បោះឆ្នោតគាំទ្រកាន់តួនាទីជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានសំឡេងគាំទ្រពីសមាជិកចូលរួមបោះឆ្នោតច្រើនជាងគេ។ នៅឆ្នាំ២០២០ លោកក៏ជាប់ជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងនៅអណ្ណតិទីពីរបន្តទៀត។
ក្រៅពីដឹកនាំការងារជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ឧកញ៉ា សុខ ស្រស់ ក៏មានតួនាទីជាអនុប្រធានសភាពពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងតួនាទីដឹកនាំសភាពាណិជ្ជកម្មខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង លោកមានភារកិច្ចចូលរួមជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់អ្នករកស៊ី និងជួយគាំទ្រការងារផ្នែកសង្គម រួមទាំងជួយលើកិច្ចការងារកាកបាទក្រហមផងដែរ៕