ក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក និង បុរី វិមានសំណាង បានចុះអនុស្សរណៈយោគយល់ (MOU) កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច (Phillip Trustee) ប្រកបដោយវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាពីសំណាក់វិនិយោគិនបរទេស។ ជាពិសេសគឺអាចធ្វើឱ្យជនបរទេស អាចទិញដីឬទិញផ្ទះ នៅប្រទេសកម្ពុជាបាន។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានថ្លែងឱ្យដឹងថា កន្លងមកបុរី វិមានសំណាង បានធ្វើកិច្ចសហការជាមួយ ធនាគារ ហ្វីលីព គឺដើម្បីផ្តល់ឥណទានដល់អ្នកទិញបុរី វិមានសំណាង មានន័យថា ខ្មែរយើងដែលចង់ទិញបុរី វិមានសំណាង ធនាគារ ហ្វីលីព ផ្តល់ជូនឥណទានពី ៧០ ដល់ ៨០% នៃតម្លៃទិញលក់។ ឧទាហរណ៍ថា បើទិញផ្ទះតម្លៃ ១លានដុល្លារ ធនាគារផ្តល់ជូនឥណទានពី ៧០ ដល់ ៨០ម៉ឺនដុល្លារ។
លោកឧកញ៉ា បានបន្តថា បន្ទាប់មក ធនាគារ ហ្វីលីព មានសេវាកម្មមួយទៀត គឺហ្វីលីព ត្រាសធី ជាសេវាកម្មមួយ ដែលជួយដល់ភ្ញៀវបរទេស អាចទិញផ្ទះឬទិញដីនៅប្រទេសខ្មែរ តាមរយៈ ហ្វីលីព ត្រាស មកទិញបុរី វិមានសំណាង។ ការសហការនេះ ក្នុងគោលបំណងជំរុញការលក់របស់បុរី វិមានសំណាង ទៅកាន់ទីផ្សារជនជាតិសិង្ហបុរី។ សម្រាប់ជនជាតិសិង្ហបុរី ពីដើមមក ភាគច្រើនពួកគេតែងទិញខុនដូ ហើយនៅពេលគេចង់ទិញផ្ទះ ឬទិញបុរី ទិញមិនបាន។ ទោះយ៉ាងណា នៅពេលសហការជាមួយ ហ្វីលីព ត្រាស គឺយើងជួយសម្រួលដល់អតិថិជនសិង្ហបុរី អាចទិញផ្ទះបុរី វិមានសំណាង បាន នេះហើយជាមូលហេតុនៃកិច្ចសហការគ្នា ដើម្បីជំរុញការលក់ឱ្យបានច្រើនជាងមុន។
លោកឧកញ៉ា គីម ហ៊ាង បានឱ្យដឹងបន្ថែមថា ពីដើមមកនៅពេលជនបរទេសចង់ទិញផ្ទះ ឬទិញដីនៅកម្ពុជា គឺជារឿងមហាលំបាក។ បើថៅកែធំៗតែម្តង ពួកគេអាចជួយជាតិ ដើម្បីបានសញ្ជាតិខ្មែរ (ការសុំសញ្ជាតិ) ប៉ុន្តែការធ្វើបែបនេះ គឺចំណាយខ្ពស់ណាស់ ដែលអ្នកល្មមៗគ្មានលទ្ធភាពនោះទេ។ ប៉ុន្តែពេលនេះ នៅពេលមានសេវាកម្ម ហ្វីលីព ត្រាស គឺមានភាពងាយស្រួលសម្រាប់ជនបរទេស ឧទាហរណ៍បើផ្ទះមួយតម្លៃកន្លះលានដុល្លារ បើពួកគាត់មានកន្លះលានដុល្លារ គឺគាត់អាចទិញផ្ទះបានតែម្តង ហើយគាត់ជាម្ចាស់ផ្ទះហ្នឹងតែម្តង។ ជាពិសេសពេលប្លង់រឹងចេញមក គឺជាកម្មសិទ្ធិរបស់ពួកគាត់តាមរយៈ ហ្វីលីព ត្រាស ហើយបើនៅបួនដប់ឆ្នាំ ថ្ងៃក្រោយចង់លក់ឱ្យខ្មែរវិញ គឺអាចលក់ផ្ទេរឈ្មោះបានយ៉ាងងាយស្រួលដូចគ្នា។
សេវាកម្ម ហ្វីលីព ត្រាស នឹងជួយជំរុញឱ្យការទិញលក់ ផ្ទះសម្បែងដីធ្លីនៅស្រុកខ្មែរ មានការកើនឡើងច្រើន ព្រោះបរទេសអ្នកមានខ្លាំងៗ គេចូលសញ្ជាតិ រីឯអ្នកមានល្មមៗជាច្រើនចង់ទិញផ្ទះ គឺមានតែតាមរយៈ ហ្វីលីព ត្រាស។ ដូច្នេះសេវាកម្ម ហ្វីលីព ត្រាស នឹងជួយឱ្យវិនិយោគិនបរទេស ដែលចង់ទិញផ្ទះឬដីនៅប្រទេសកម្ពុជា នឹងមានសន្ទុះកើនឡើងខ្លាំង។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់បន្ថែម។
ហ្វីលីព កាពីតាល់ គ្រុប បានឈានជើងចូលប្រទេសកម្ពុជាដំបូង កាលឆ្នាំ២០០៩ ជាមួយនឹងទុនវិនិយោគប្រមាណ ១០ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នធនាគារ ហ្វីលីព នៅកម្ពុជា មានទុនសរុបប្រមាណដល់ទៅ ១៧០ ទៅ ១៨០លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯសេវាកម្ម ត្រាសធី ដែលជាបុត្រសម្ព័ន្ធមួយរបស់ធនាគារ ហ្វីលីព នឹងអនុញ្ញាតឱ្យភ្ញៀវបរទេស អាចចុះបញ្ជីអចលនទ្រព្យបាន តាមរយៈ ហ្វីលីព ត្រាស ដែលបច្ចុប្បន្ននេះសេវាកម្ម ត្រាសធី មានតែ៣ធនាគារប៉ុណ្ណោះ។ វិនិយោគិនបរទេស ដែលត្រូវការទិញអចលនទ្រព្យផ្ទះ ឬដី តាមរយៈ ហ្វីលីព ត្រាស អាចទុកចិត្តបាន ១០០% ព្រោះធនគារ ហ្វីលីព ជាធនាគារដែលមានទុនវិនិយោគច្រើន និងចាស់វស្សានៅប្រទេសកម្ពុជា។
សម្រាប់ បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ ប្រិយមិត្តអាចអញ្ជើញទៅកាន់ការិយាល័យរបស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕