អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងឧកញ៉ា សុខ វណ្ណា និងភរិយា លោកជំទាវ ចាន់ សុទ្ធី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តនាំយករថយន្តសង្គ្រោះបន្ទាន់ ចំនួន ២គ្រឿង ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ និងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។
ពិធីប្រគល់ទទួលរថយន្តសង្គ្រោះបន្ទាន់ទី៥៦ បានធ្វើឡើង ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, អ្នកឧកញ៉ាបណ្ឌិត ជា រតនា, ឧកញ៉ា សុខ វណ្ណា និងឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ និងមានការចូលរួមពីអភិបាលស្រុកព្រែកប្រសព្វ លោក សូម សារិត ព្រមទាំងក្រុមគ្រូពេទ្យ។ បន្ទាប់មក អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា សុខ វណ្ណា បានបន្តដំណើរនាំយករថយន្តសង្គ្រោះទី៥៧ ទៅប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងផងដែរ។
សូមជម្រាបជូនថា រថយន្តសង្គ្រោះទាំង២គ្រឿងនេះ គឺជារថយន្តសង្គ្រោះទី ៥៦, ៥៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អ្នកឧកញ៉ាបណ្ឌិត ជា រតនា សង្ឃឹមថា រថយន្តសង្គ្រោះទាំងនេះ ជាការរួមចំណែកដ៏សំខាន់បន្ថែមទៀត ក្នុងការជួយដោះស្រាយតម្រូវការរបស់មន្ទីរពេទ្យបង្អែក និងស្នងការដ្ឋាននគរបាល ហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅ ជាពិសេសអាចប្រើប្រាស់គ្រប់សកម្មភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយផ្សេងៗជាដើម៕