ឧកញ៉ា សុង សារ៉ន៖ អឺរ៉ុប ចិននិងអាស៊ានជាទីផ្សារសំខាន់និងជាជន្ទល់ដ៏រឹងមាំសម្រាប់ការនាំចេញអង្កររបស់កម្ពុជា

ជុំវិញ​ឧកញ៉ា

ស្របពេលការនាំចេញអង្ករក្នុងខែដំបូងនៃឆ្នំា២០២៣ មានជាង៣,៦ម៉ឺនតោន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានចាត់ទុកទីផ្សារសហគមន៍អឺរ៉ុប ចិននិងអាស៊ានជាទីផ្សារសំខាន់និងជាជន្ទល់ដ៏រឹងមំាមួយសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ខណៈការនាំចេញទៅទីផ្សារសហគមន៍អឺរ៉ុបកើនឡើង៤២%នៅខែមករាឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្កកម្ពុជាមានប្រសាសន៍ថា យើងចាត់ទុកទីផ្សារអង្ករនៅសហគមន៍អឺរ៉ុបសំខាន់យូរមកហើយ។ទីផ្សារសម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជាផ្តោតទៅលើទីផ្សារសំខាន់ៗរបស់យើងមានទីផ្សារចិន,ទីផ្សារអឺរ៉ុបនិងទីផ្សារអាស៊ាន អីចឹងទីផ្សារសំខាន់ទំាង៣នេះវាជាជន្ទល់ដ៏រឹងមំាមួយក្នុងការនាំចេញអង្កររបស់កម្ពុជា។

លោកឧកញ៉ាបញ្ជាក់ថា«ចំពោះពេលឥឡូវនិងពេលអនាគតផ្តោសំខាន់ទៅលើទីផ្សារទំាង៣នេះទំាងពង្រឹងនិងពង្រីកឱ្យវាមានភាពទូលំទូលាយជាងនេះបន្ថែមទៀត។ទីផ្សារទំាង៣នេះវាសំខាន់ដូចគ្នា ព្រោះវាមានសេចក្តីត្រូវការមានភាពខុសៗគ្នា វាមិនដូចគ្នាទេ អីចឹងវាសាកសមទៅនិងស្រូវដែលប្រជាកសិករផលិត។ចំពោះទីផ្សារអឺរ៉ុបវាមានតួនាទីសំខាន់មួយគឺអង្ករប្រណិតរបស់យើងមួយចំនួនធំត្រូវបានទីផ្សារអឺរ៉ុបស្រូបយក,ទីផ្សារចិនស្ថិតវាស្រូបយកប្រភេទអង្ករល្អដែរតែវានៅកណ្តាលហើយទីផ្សារអាស៊ានប្រហាក់ប្រហែលដូចគ្នាដែរ»។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថាក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៣៦ ៩០០ តោន  ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅ ដែលក្នុងនោះទៅកាន់ប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២០  ប្រទេសស្មើនឹង ៤៨% នៃការនាំចេញ សរុប គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន   ១៣. ៤៤ លានដុល្លារសហរដ្ឋអាមេរិក ខណៈប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជា ចំនួន ៤១%ដែលមានបរិមាណចំនួន ១៥ ០៤៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១១.៧៧ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន២ មាន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១ ៨៧១ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១.០៩ លានដុល្លារសហរដ្ឋអាមេរិក និងគោលដៅផ្សេងៗ ចំនួន ៧ រួមមាន ប្រទេសហ្កាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាបីតសាអូឌីត ចំនួន ២ ១៨៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២.៥៣ លានដុល្លារសហរដ្ឋអាមេរិក។ ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិត ២ សប្តាហ៍នៅប្រទេសចិន ធ្វើឱ្យមានការយឺតយ៉ាវក្នុងនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន និងធ្វើឱ្យការនាំចេញសរុបមានការថយចុះផងដែរ។

ចំពោះប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណិត “ម្លិះអង្គរ” ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូបចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន និងបាននាំស្រូវចេញចំនួន ២៥២ ៧១៤តោន។ សរុបតម្លៃនៃការនាំចេអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន ៩២ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖សារេត