ប៉ុន្មានម៉ោងក្រោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបញ្ជាបិទវិទ្យុ VOD (Voice of Democreacy) លើសំណុំរឿងឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ថា បានចុះហត្ថលេខាជំនួសសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី កាលពីពេលថ្មីៗនេះ។ ទន្ទឹមងនឹងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកជំនួញដំបូងគេបង្អស់ចេញមកប្រតិកម្ម និងគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចលុបអាជ្ញាបណ្ណវិទ្យុ VOD នាល្ងាចថ្ងៃអាទិត្យទី១២ កុម្ភៈ ឆ្នាំ២០២៣។
អ្នកឧកញ៉ា ឡេ ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានថ្លែងថា ឱកាសមានហើយ សម្រាប់ការធ្វើលិខិតសុំទោសតែបែរជាVODមិនស្គាល់កំហុសខ្លួនឯង ឱកាសមិនអាចមានច្រើនដងទេ ការផ្សាយព័ត៌មានមិនពិត មិនមែនជារឿង តូចតាចទេ។ ខ្ញុំបាទ ក្នុងនាមជាយុវជនមួយរូប សូមគាំទ្រទាំងស្រុងនៅចំណាត់ការនេះ ព្រោះបើបន្តឲ្យសារព័ត៌មានចេះតែចុះបំភ្លៃការពិត គឺអាចប៉ះពាល់ទៅដល់ភាពត្រឹមត្រូវ និងភាពស្អាតស្អំ របស់ឯកឧត្តមបណ្ឌិត។ លោកប្រឹងប្រែងណាស់សព្វថ្ងៃ ក្នុងការជួយប្រជាពលរដ្ឋ និងសង្គមជាតិ ។
អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា «ខ្ញុំជាយុវជនជំនាន់ក្រោយសូមសន្យាថា នឹងតបតប្រឆាំងដាច់ខាតចំពោះជនអគតិណា មានចេតនាមិនល្អដែលបានវាយប្រហាខុសកាពិតដល់លោក ដល់ទីបំផុតទោះតម្លៃណាក៏ដោយ។ ព្រោះលោកជាសសរទ្រូងសំខាន់បំផុតសំរាប់អនាគតប្រទេសជាតិប្រជាជន។ ដើម្បីរក្សាបាននូវស្ថេរភាពសន្តិភាព គឺដាច់ខាតមិនអាចបណ្ដោយឲ្យ សារព័ត៌មានជ្រុលនិយម បន្តវាយប្រហារ និងចោទប្រកាន់មួលបង្កាច់ដាច់ខាត»។
សូមជម្រាបជូនថា នៅយប់ថ្ងៃអាទិត្យ ទី១២កុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងការសោយស្តាយ និងមិនអាចទទួលយកបានឡើយចំពោះលិខិតរបស់វិទ្យុ VOD ចំនួនពីរទំព័រ ផ្ញើជូនសម្តេច ដោយប្រើប្រាស់ពាក្យសោកស្តាយ និងសូមអធ្យាស្រ័យជំនួសឲ្យពាក្យសុំទោស ក្នុងរឿងអត្ថបទព័ត៌មានពាក់ព័ន្ធលោក ហ៊ុន ម៉ាណែត ដែល VOD ចុះផ្សាយថា «ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី ក្រោយរងគ្រោះធម្មជាតិ នាពលេថ្មីៗនេះ»។
ទន្ទឹមនឹងនោះ ដើម្បីកុំឲ្យវែងឆ្ងាយសម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោក (វិទ្យុ VOD) ដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។
សម្តេចតេជោ បញ្ជាក់បន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្តេចសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០.០០នាទីថ្ងៃ១៣ កុម្ភៈ ២០២៣ ជាកំហិត៕