អ្នកឧកញ៉ា ឧកញ៉ាច្រើនរូបអមដំណើរសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការនៅឡាវ

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងអ្នកឧកញ៉ា ឧកញ៉ាថ្នាក់ដឹកនាំធុរកិច្ចធំៗ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឪកាសអញ្ជើញបំពេញទស្សកិច្ចនៅប្រទេសឡាវរយៈពេល ២ថ្ងៃរបស់ប្រមុខដឹកនាំកម្ពុជានៅពេលនេះអមដំណើរដោយថ្នាក់ដឹកនាំកំពូលៗ ដូចជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ច ប្រមុខកាទូតលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក ស្រ៉ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ជម្រាបជូនទៅក្រសួងការបរទេស និងសហប្របត្តិការអន្តរជាតិ នាពេលថ្មីៗកន្លង
ទៅជុំវិញដំណើរទស្សនៈសម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសឡាវ ក៏មានការអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំធុរកិច្ចធំៗ រួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធាសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ឧកញ៉ា ហ៉ឺ បាវី អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា ថៃ ជាហួត ឧកញ៉ា លី​ ហុង ឧកញ៉ា ប៊ុន ហៃ ឧកញ៉ា អ៉ឹង សែ រួមនឹងមន្រ្តីមួយចំនួនទៀត។

បើតាមក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ អមដំណើរដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប​សម្ដែង​ការ​គួរសម​ដោយ​ឡែកពីគ្នា ជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោក សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជាទទួលការជួប​សម្តែង​ការ​គួរ​សម​ពី​សំណាក់​ប្រធាន​សមាគម​មិត្តភាពឡាវ-កម្ពុជា។

ក្រសួងការបរទេស បញ្ជាក់ថា អំឡុងស្នាក់នៅប្រទេសឡាវ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រីឡាវ ដើម្បីពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជា​ក្តី​បារម្ភ​រួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែន​ការ​សកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និង​ឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕