នៅព្រឹកថ្ងៃចន្ទ ទី១៣កុម្ភៈនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចធំៗដល់ប្រទេសឡាវហើយ តបតាមការអញ្ជើញពីរដ្ឋាភិបាលឡាវ។
នៅត្រឹមឆ្នាំ២០២៣នេះ ចំណងការទូតរវាងកម្ពុជា និងឡាវ មានអាយុ៦៧ឆ្នាំហើយ ខណៈដែលកម្ពុជាបានធ្លាប់ផ្តល់ជំនួយជាថវិកា វ៉ាក់សាំងការពារជំងឺកូវដី១៩ និងសម្ភារៈវេជ្ជសាស្រ្តដល់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កាលពីឆ្នាំ២០២១កន្លងទៅ។
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូវ៉ាក់ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជារបស់អតីតនាយករដ្ឋមន្រ្តី លោក ផនខាំ វីផាវ៉ាន់ កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានប្រគល់ទឹកប្រាក់ចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៥០ម៉ឺនដុសដែលជាជំនួយរួមគ្នារវាងបណ្តាអ្នកជំនួញធំៗ រួមនឹងរាជរដ្ឋាភិបាលកម្ពុជា។ ពាណិជ្ជករធំៗដែលបានចូលរួមផ្តល់ទឹកប្រាក់នោះរួមមាន អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចំនួន ២លានដុល្លារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប ចំនួន២លានដុល្លារ, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ក្រុមហ៊ុន ជីប ម៉ុង ២លានដុល្លារ, អ្នកឧកញ៉ា ចេន ហ្សុី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ២លានដុល្លារអាមេរិក, ឧកញ៉ា ថៃ ជាហួត ម្ចាស់ក្រុមហ៊ុន បុរី ប៉េងហួត គ្រុប ១លានដុល្លារ និងឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ស្ថាបនិកក្រុមហ៊ុន ING Holding Goup ចំនួន ១លានដុល្លារ។
ជាមួយនោះ មុនចាក់ចេញពីកម្ពុជានៅដំណើរទស្សនកិច្ចការទូតផ្លូវការពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ផនខាំ វីផាវ៉ាន់ អតីតនាយករដ្ឋមន្ត្រីឡាវ ថ្លែងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ផនខាំ វីផាវ៉ាន់ បានអះអាងថា «នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាមួយជើងនេះ គឺទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងបងប្អូនរវាងប្រទេសទំាងពីរលើគ្រប់វិស័យ ទាំងការងារសង្គម ពាណិជ្ជកម្ម ពិសេស រដ្ឋាភិបាលទាំងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែន ដើម្បីប្រែក្លាយជាបន្ទាត់ព្រំដែនសន្តិភាព អភិវឌ្ឍ និងបងប្អូន»៕