កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧកញ៉ា ថោង សារ៉ាត់ និងភរិយា បានបើកសម្ពោធការលក់ជាផ្លូវការនូវសាច់ប៉ាតេ យីហោ «ពុក» នៃក្រុមហ៊ុនប៉ាតេពុក របស់លោក នៅផ្សារទំនើបម៉ាក្រូ រាជធានីភ្នំពេញ ដែលជាប្រភេទសាច់ប៉ាតេធម្មជាតិ ១០០% គ្មានជាតិគីមី អាចញ៉ាបានទាំងចាស់ទាំងក្មេង ជាពិសេសញ៉ាំហើយអាចមានកម្លាំងខ្លាំង ដូចក្នុងសាច់រឿងទិនហ្វី។
ក្នុងពិធីសម្ពោធការលក់ខាងលើ លោកឧកញ៉ា ថោង សារ៉ាត់ បានថ្លែងឱ្យដឹងថា សាច់ប៉ាតេ ជាឈ្មោះម្ហូបអាហារនៃអត្តសញ្ញាណជាតិរបស់ប្រទេសជិតខាងយើង ហើយយើងមិនមានឈ្មោះក៏ហៅថា ប៉ាតេ ដូចគេដែរទៅ ហើយក្រុមហ៊ុនរបស់លោកបានបន្ថែមពាក្យ «ពុក» ដែលមកពីពាក្យ «ឪពុក» ដែលមានន័យថា ជាប៉ាតេរបស់លោកឪពុក ប៉ុន្តែដើម្បីកុំឱ្យវែងពេក លោកសម្រេចហៅថា «ប៉ាតេពុក»។
លោកឧកញ៉ា បានបន្តថា ការដាក់ឈ្មោះថា «ប៉ាតាពុក» នេះ ក៏ជាការដឹងគុណ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូច្នេះការផលិតម្ហូបអាហារនេះ ក៏ស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំកម្ពុជា ដែលចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិត ដើម្បីប្រកួតប្រជែងក្នុងស្រុក និងអន្តរជាតិ។ ដូច្នេះលោកឧកញ៉ា និងភរិយា បានខិតខំណាស់ ព្រោះមុខរបរនេះ មានភាពហត់នឿយខ្លាំង ដែលត្រូវងើបតាំងពីម៉ោង ២យប់ ដើម្បីធ្វើសាច់ប៉ាតេបាន។
លោកឧកញ៉ា ថោង សារ៉ាត់ បានបញ្ជាក់ឱ្យដឹងថា ធាតុផ្សំរបស់ប៉ាតេពុក មានតែ២មុខគត់គឺ សាច់និងអំបិល។ ប៉ាតេពុកជារបស់ល្អធម្មជាតិ (Organic) ១០០% ក្មេងចាប់ពី ៨ខែ អាចញ៉ាំបាន ចាស់ជរា អ្នកជំងឺ ពិសារបានទាំងអស់។ លោកឧកញ៉ា បានបន្ថែមថា លោកហ៊ានធានាថា ប៉ាតេពុក គ្មានបញ្ហានោះទេ មានតែញ៉ាំហើយមានកម្លាំង ដូចដែលយើងធ្លាប់មើលរឿងទិនហ្វីយ៉ាងដូច្នោះដែរ។ យ៉ាងណាមិញ លោកឧកញ៉ា បានបន្តថា របស់ធម្មជាតិ ដែលធ្វើឡើងតែពីសាច់ និងអំបិល គឺពិបាកធ្វើណាស់ ព្រោះវាមិនមានអ្វីជំនួយ ដូចជាថ្នាំរក្សាការពារ តែបើយើងប្រើថ្នាំការពារ នឹងអាចនាំឱ្យខូចសុខភាព ហើយគ្មានពណ៌ ព្រមទាំងជ្រើសរើសសាច់ជ្រូកដែលបងប្អូនចិញ្ចឹមនៅតាមជនបទ ដែលជាសាច់ជ្រូកដ៏មានគុណភាពខ្ពស់។
សូមជម្រាបជូនថា បើតាមលោកឧកញ៉ា ថោង សារ៉ាត់ ប៉ាតេពុក មានការទទួលស្គាល់ពីស្តង់ដាជាតិ និងស្តង់ដាអន្តរជាតិ ISO 22000 2018ផងដែរ ហើយក្រុមហ៊ុនរបស់លោក បានបញ្ជូនបុគ្គលិកទៅសិក្សាក្រៅប្រទេសរាប់ខែ លើការរក្សាអនាម័យ និងប្រព័ន្ធគ្រប់គ្រង ដើម្បីទទួលបានអាជ្ញាប័ណ្ណទទួលស្គាល់កម្រិតអន្តរជាតិ ISO៕