អ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករជាច្រើនរូបបានអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញទៅកាន់ប្រទេសឡាវបំពេញទស្សនកិច្ចផ្លូវការចំនួន ២ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញពីរដ្ឋាភិបាលឡាវ។
អំឡុងពេលនៃការបំពេញបេសកកម្មការទូតរបស់ប្រមុខរាជរដ្ឋាភិបាលនៅប្រទេសឡាវជាលើកទី៤ នារសៀលថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីឡាវ លោក សន សៃ ស៊ីផាន់ដន បានរៀបចំពិធីប្រគល់មេដាយស្ថាបនាជាតិថ្នាក់កំពូល ( First Class) មេដាយស្ថានាជាតិថ្នាក់លេខ២ (Second Class) និងមេដាយមិត្តភាព ជូនដល់អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំធុរកិច្ចធំៗ ព្រមទាំងឥស្សរជនដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាដល់រដ្ឋាភិបាលឡាវ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣លានដុល្លារអាមេរិក ចំពោះគុណបំណាច់នៃការចូលរួមបរិច្ចាគថវិការក្នុងយុទ្ធនាការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។
ពិធីប្រគល់មេដាយទាំង ៣ថ្នាក់នេះ ធ្វើឡើងក្រោមវត្តមានលោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយមេដាយស្ថាបនាជាតិថ្នាក់កំពូល ( First Class) ប្រគល់ជូនដល់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា លាង ឃុន ដំណាង, អ្នកឧកញ៉ា ចេន ហ្ស៉ី ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុប ដំណាងដោយលោក ហ្គុយ ឆាយ ភាគទុនិកធនាគារ ព្រីនស៍, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប។
សម្រាប់មេដាយស្ថាបនាជាតិថ្នាក់លេខ២ (Second Class) ជូនអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី គ្រុប ដំណាងលោក អ៉ឹង ស៊ីវម៉េង អគ្គនាយកក្រុមហ៊ុន ដូនពេញ គ្រុប, ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន បុរីប៉េងហួត ដោយមានអ្នកដំណាង និងមេដាយមិត្តភាព ជូនដល់លោក លី ហុង អនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។
សូមជម្រាបជូនថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូវ៉ាក់ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ។
ជាមួយគ្នានោះដែរ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជារបស់អតីតនាយករដ្ឋមន្រ្តី លោក ផនខាំ វីផាវ៉ាន់ កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាក៏បានប្រគល់ទឹកប្រាក់ចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៥០ម៉ឺនដុសដែលជាជំនួយរួមគ្នារវាងបណ្តាអ្នកជំនួញធំៗ រួមនឹងរាជរដ្ឋាភិបាលកម្ពុជា៕