អនុប្រធានសភាពាណិជ្ជកម្ម៖ ចិនសន្យាជំរុញទាំងការធ្វើពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍មកកាន់កម្ពុជា

ជុំវិញ​ឧកញ៉ា

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជាទៅប្រទេសចិនថ្មីៗកន្លងមកនេះគឺបានទទួលលទ្ធផលជាផ្លែផ្កា ជោគជ័យនិងទទួលបានការឯកភាពនិងសន្យាពីខាងភាគីចិន អ្នកវិនិយោគចិនថាជំរុញការវិនិយោគមកកាន់ប្រទេសកម្ពុជាទាំងពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា កម្ពុជាបន្ទាប់ពីចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន វាជាឱកាសសម្រាប់ពួកគាត់ ពោលគឺផ្នែករដ្ឋាភិបាលចិនបានលើកទឹកចិត្តអ្នកវិនិយោគចិនឱ្យមកកម្ពុជាយើងបានកាន់តែច្រើន ទន្ទឹមពេលដែលកម្ពុជាកំពុងត្រូវការអ្នកវិនិយោគមកពីបរទេស ពីព្រោះកម្ពុជាមានវត្ថុធាតុដើម មានធនធានរ៉ែ និងតំបន់ទេសចរណ៍ ត្រូវការអ្នកវិនិយោគមកពីខាងក្រៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីបរិបទនៃជំងឺកូវីដ១៩។

លោកឧកញ៉ា សង្កត់ធ្ងន់ថា«ក្នុងដំណើរទស្សនៈកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះយើងបានលើកតម្កើងទំនាក់ទំនងនៃប្រទេសទំាងពីរឡើងមួយកម្រិតទៀត ពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងមិត្តដែកថែមនោះឥឡូវយើងជាមិត្តត្បូងពេជ្រដ៏មានតម្លៃ ហើយមិនតែប៉ុណ្ណោះបានកំណត់ជាសហគមន៍ជោគវាសនារួមថែមទៀត។ នេះគឺជាចំណុចសំខាន់ដែលបង្ហាញឱ្យឃើញថាថ្នាក់ដឹកនាំរបស់ចិន រៀបចំទទួលភ្ញៀវដំបូងបន្ទាប់ពីឆ្លងចូលឆ្នំាចិនរួច វាជាការផ្តល់កិត្តិយសឱ្យប្រទសកម្ពុជាយើងធំធេងណាស់។ដូច្នេះយើងនៅតែមានជំនឿចិត្តថាកិច្ចសហប្រតិបត្តិការមិនថានយោបាយនិងសេដ្ឋកិច្ចនោះទេគឺកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសកម្ពុជា»។

តាមលោកឧកញ៉ាលឹមហេងថា ផ្អែកទៅលើកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា-ចិន និងតាមការសន្យានិងការលើកឡើងពីថ្នាក់មន្ត្រីនិងពាណិជ្ជករចិនសម្រាប់វិនិយោគិនចិននឹងចូលមកវិនិយោគនៅកម្ពុជាមានការកើនឡើងច្រើន តែវាមិនដូចជាចិនចូលមកខេត្តព្រះសីហនុទេ តែចិនដែលចូលមកសារនេះសុទ្ធតែចិនដែលជាអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កសិកកម្ម ទេសចរណ៍ ឬផ្នែកសំណង់និងអចលនទ្រព្យនិងចូលមកកម្ពុជាច្រើន។

លោកឧកញ៉ាលើកឡើងថា ការរៀបចំពិធីទទួលភ្ញៀវទេសចរចិនបានហោះហើរត្រង់ចូលមកកម្ពុជាថ្មីៗនេះកម្ពុជាធ្វើឡើងដើម្បីធ្វើការសផ្សព្វផ្សាយបន្ថែមនេះ គឺជាចំណុចលើកទឹកចិត្តឱ្យភ្ញៀវចិនក៏ដូចអ្នកវិនិយោគចិនមានទំនុកចិត្តលើច្បាប់វិនិយោគថ្មីក៏ដូចជាការសន្យាការពារសុវត្ថិភាពនៃការវិនិយោគរបស់ពួកគាត់តាមរយៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ា លឹមហេង មានប្រសាសន៍ថា«វាជាការពិតណាស់នៅពេលណាវិស័យទេសចរណ៍មានដំណើរការ ធ្វើឱ្យមានតម្រូវការស្នាក់នៅ ការដឹកជញ្ជូនទៅតាមទីតំាងសណ្ឋាគារនិងកន្លែងកម្សាន្តផ្សេងៗមានការកើនឡើង។ ដូចនេះខ្ញុំជឿថាអ្នកវិនិយោគនិងចូលមកសាងសង់ដើម្បីបម្រើទៅដល់វិស័យទេចរណ៍ ដល់ពេលនោះវានឹងធ្វើឱ្យតម្លៃអចលនទ្រព្យនិងការសាងសង់និងមានសញ្ញាល្អឡើងវិញជាសន្សឹមៗផងដែរ»៕ អត្ថបទ៖សារេត