អ្នកឧកញ៉ា លី ហួរ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានបង្ហើបឱ្យដឹងថា មុនពេលលោកបើកមុខជំនួញជាហាងប្តូរប្រាក់ ចាប់ពីឆ្នាំ១៩៨៦ មក គឺមុននោះលោកធ្លាប់កម្សត់កម្រ ដោយរកស៊ីប្រកបមុខរបរប្រហែល ៧មុខឯណោះ តែមិនសមប្រកបទើបលោកផ្លាស់ប្តូរជាបន្តបន្ទាប់។
ថ្លែងក្នុងបទសម្ភាសន៍មួយ អំពីជីវប្រវត្តិរបស់លោក កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា លី ហួរ បានឱ្យដឹងថា លោកជាកូនអ្នកស្រុកស្រែ កើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយមានឪពុកម្តាយ ជាអ្នកលក់ចាបហួយ លក់ទានធូប ស្លាម្លូរ ប៊ីចេង និងមានជីវភាពខ្សត់ខ្សោយ។ អ្នកឧកញ៉ា បានបន្តថា នៅឆ្នាំ១៩៧០ ពេលកើតសង្គ្រាម ក្នុងនាមយុវជន បានក្លាយជាកាតព្វកិច្ច រសាត់អណ្តែតបែកពីឪពុកម្តាយ។
ក្រោយឆ្នាំ១៩៧៩ អ្នកឧកញ៉ាមានគ្រួសារ ចាប់ផ្តើមរកស៊ីតិចតួចពីបាតដៃទទេ ហើយពេលមានកូនមួយ បានត្រឡប់ទៅជួបអ្នកម្តាយវិញ ប៉ុន្តែឪពុករបស់លោកបានទទួលអនិច្ចកម្មទៅហើយ ពេលលោកនៅអាយុ ៩ឆ្នាំ។ សម្រាប់ការសិក្សាវិញ អ្នកឧកញ៉ា រៀនសូត្រមិនបានច្រើនទេ ព្រោះក្នុងនាមជាអ្នកក្រ មានការលំបាកណាស់។ រហូតដល់ឆ្នាំ១៩៨១ លោកនៅតែធ្វើស្រែចំការនៅឡើយ នៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ក្រោយមកទៀត ទើបសន្សំបានកង់មួយ គ្រាន់ជិះ ចាប់ផ្តើមរកស៊ី។
អ្នកឧកញ៉ា បានឱ្យដឹងបន្ថែមថា មកដល់ឆ្នាំ១៩៨៦ លោកបានដូរមុខរបរប្រហែល ៧ដង។ ប្រពន្ធធ្លាប់លក់ត្រី ឯលោកមានកង់មួយ ដឹកស្ករលក់ ដោយធ្លាប់ជិះកង់ពីខេត្តកំពង់ចាម ទៅដល់ប្រទេសថៃ ពីថៃទៅដល់វៀតណាម ដឹកឥវ៉ាន់លក់ មិនមានដើមទុនច្រើនទេ មានតិចតួច។ បន្ទាប់មក លោកធ្វើម៉ាស៊ីនកិនស្រូវខ្នាតតូចមួយ នៅភ្នំប្រុសភ្នំស្រី តែធ្វើទៅមិនសមប្រកប លោកក៏ដូរមុខរបរទៀត ទៅលក់ខោអាវកូនក្មេង បន្ទាប់មកដូរមុខរបរទៅលក់ក្រណាត់វិញ។
លុះដល់ឆ្នាំ១៩៨៤ លោកបានមករស់នៅរាជធានីភ្នំពេញ តែអត់មានដើមទុន ក៏បន្តលក់ក្រណាត់ និងមិនមានលុយជួលតូបទេ លក់ចល័ត។ ក្រោយមក ឃើញតូបគេទំនេរក៏ចូលលក់ក្នុងតូបនៅផ្សារអូរឫស្សី តែពេលម្ចាស់គេមកលក់វិញ លោកក៏បន្តទៅដើរលក់ចល័តវិញ។ នៅឆ្នាំ១៩៨៦ លោកបានចាប់ផ្តើមមុខរបរនឹងនរមួយ ដោយលក់ក្រណាត់ផង ដូរលុយផង លក់មាសផង តែមាសមានតែ ៣ខ្សែទេ ៥ជីមួយខ្សែ ៣ជីមួយខ្សែ ២ជីមួយខ្សែ និងចិញ្ចៀន១ជីពីរវង់ ដាក់លក់លើតុតូចមួយ។
ក្រោយមក ដោយមើលឃើញការដូរលុយ និងលក់មាស បានចំណូលប្រហែលលក់ក្រណាត់ដែរ លោកក៏ឱ្យប្រពន្ធឈប់លក់ក្រណាត់ ព្រោះជាការងារស្រាលជាង។ ដូច្នេះទើបបើកហាងប្តូរប្រាក់ និងលក់មាស និងពង្រីកមុខរបរ និងបើកជាក្រុមហ៊ុនជាបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ។
ដោយសារខ្សែជីវិតឆ្លងកាត់ការលំបាកជាច្រើនដូច្នេះហើយ អ្នកឧកញ៉ា លី ហួរ បានលើកឡើងបន្ថែមថា ជីវិតគឺមិនងាយស្រួលទេ ទម្រាំមកដល់ថ្ងៃនេះ គឺអស់រយៈពេល ៤២ឆ្នាំហើយ ដែលការខិតខំទាំងនេះ លោកគិតថាក្មេងបច្ចុប្បន្នធ្វើមិនបានទេ មូលហេតុដោយសារវាមានដំណាក់កាលច្រើន ហើយការលះបង់គឺធំធេងមែនទែន។
សូមជម្រាបជូនថា បច្ចុប្បន្ន អ្នកឧកញ៉ា លី ហួរ ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដែលកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោងនៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់ទិញរថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ, ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពីអាហ្គ្រូ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី និងធនាគារ SBI លី ហួរ ជាដើម៕