សភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ ផ្តោតទៅលើការផ្លាស់ប្ដូរយោបល់អំពីកាលានុវត្តភាពបរិយាកាស វិនិយោគ និងវិស័យសក្តានុពល។ តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានឯកភាពចុះហត្ថលេខារួមគ្នា លើអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរថែមទៀត។
កិច្ចប្រជុំខាងលើឡើងនេះ បានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសអ្នកឧកញ៉ាបានអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ថ្លែងក្នុងកិច្ចប្រជុំកាលព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាទីក្រុងវៀងច័ន្ទ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ ផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីបរិយាកាស វិនិយោគ និងវិស័យសក្តានុពលរវាងប្រទេសទាំងពីរ។
បន្ទាប់ពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានជជែកពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងក្រុមហ៊ុននានា នៃបណ្ដាប្រទេសទាំងពីរ ដោយបានបង្ហាញសក្ដានុពលជូនគ្នាទៅវិញទៅមក ព្រមទាំងបានឯកភាពគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសផ្លាស់ប្តូរព័ត៌មាន និងគោលនយោបាយថ្មីៗផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
គួរបញ្ជាក់ដែរ គិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ឡាវ បានកើនឡើងពី ១៦០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ រហូតដល់ ២១០ លានដុល្លារអាមេរិកកាលឆ្នាំ២០២២ កន្លងទៅ៕ អត្ថបទ៖ ពិសី