ឧកញ៉ា មាស សត្យា ក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា មាស សត្យា ប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច ​​បាន​​ក្លាយ​ជា​សមាជិក​ថ្មី​​របស់​សភាពាណិជ្ជ​កម្មកម្ពុជា​ក្នុង​ឆ្នាំ២០២៣។ នេះ​បើ​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​សភាពាណិជ្ជកម្ម ​​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា មាស សត្យា ជាអ្នកជំនួញ​វ័យ​ក្មេង​មួយ​រូប និង​ជា​ប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច (Micro Economic Development Association) ដែល​មាន​អាសយដ្ឋានទីស្នាក់ការកណ្តាល​នៅ​សង្កាត់​គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឧកញ៉ា មាស សត្យា តែងតែចូលរួមចំណែកជួយការងារសង្គមជាញឹកញាប់ ហើយតាមរយៈការចូលរួម និងការបរិច្ចាគជាច្រើន បានធ្វើឱ្យលោកឧកញ៉ា ទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ» កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

សមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច ជាអង្គភាពឯករាជ្យ មិនស្វែងរកប្រាក់ចំណេញ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ ​​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០។ សមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច មានផ្នែកចំនួន ១០សំខាន់ៗ រួមមាន៖ ១) ផ្នែកច្បាប់ ២) សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣) បរិស្ថាន កសិកម្ម និងធនធានទឹក ៤) សុខាភិបាល ៥) ទេសចរណ៍ សាសនា វប្បធម៌ និងសិល្បៈ ៦) ពាណិជកម្ម ឧស្សាហកម្ម និងដឹកជញ្ជូន ៧) កិច្ចការបរទេស ៨) អប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ កីឡា និងកិច្ចការសង្គម ៩) អចលនទ្រព្យ និងសំណង់ ១០) ព័ត៌មាន និងផ្សព្វផ្សាយ។ ផ្នែកទាំង១០ខាងលើ គឺធ្វើការរួមគ្នា ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោល​បំណង​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរបស់កម្ពុជា ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ចំណែកឯ​សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។ គិតមក​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០២១ សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​ចុះ​អនុស្សារណៈយោគយល់​ និង​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិការ​សរុបចំនួន​ ១៣០ ជាមួយ​ស្ថាប័នដៃ​គូ​ជាតិ​ និង​អន្តរជាតិ។

គួររម្លឹកថា សភាពាណិជ្ជកម្ម ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​ស្តីពី ​សភាពាណិជ្ជកម្ម​​ក្នុង​ឆ្នាំ​១៩៩៥ និង​លិខិតបទដ្ឋាន​គតិយុត្ដិ​ពាក់​ព័ន្ធនានា​។ សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស៕