តើឧកញ៉ា សំ សុខនឿន យល់ឃើញបែបណាចំពោះទស្សនៈវិស័យនៃការដោះស្រាយបញ្ហាអាគារជាប់គាំងខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty យល់​ឃើញ​វិស័យអចលនទ្រព្យ​នៅ​ខេត្តព្រះសីហនុ នៅឆ្នាំ២០២៣​នេះ​ នៅ​តែ​បន្ត​ជួប​ស្ថានភាព​លំបាក​ដដែល ដោយសារ​តែ​បញ្ហា​​អគារ​ជាប់គាំង​ជាង ១០០០កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា សំ សុខនឿន ​​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «បើយើងនិយាយពីខេត្តព្រះសីហនុ គឺជាខេត្តដ៏មាន​សក្តានុពល​ជាងគេ ក្នុងចំណោមខេត្តផ្សេងៗ ដោយសារ​ខេត្ត​នេះ​ស្ថិត​នៅ​តាមឆ្នេរសមុទ្រ​​ដ៏​ស្រស់ស្អាត។ ដោយ​ឡែក និយាយពីវិស័យអចលនទ្រព្យនៅពេលនេះវិញ ខេត្តព្រះសីហនុ ហាក់មានភាពស្ងប់ស្ងាត់មែនទែន ដោយសារ​កត្តាមួយចំនួនដូចជា ការត្រឡប់ទៅវិញរបស់ជនជាតិចិន បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបិទល្បែង​​អនឡាន, បញ្ហាកូវីដ-១៩ ដែលធ្វើឱ្យមានភាពស្ងប់ស្ងាត់ និងមិនអាចវិនិយោគបានទាំងចិន និងសកលលោក​ទាំង​មូល, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូល»។

លោកឧកញ៉ាបន្តថា កត្តាទាំង៣នេះ ធ្វើឱ្យអគារ​មួយ​ចំនួន​នៅ​ខេត្តព្រះសីហនុ ខ្ទង់ប្រហែល​ជាង ១ពាន់​អគារ​កំពុង​ជាប់គាំង ហើយ​ការ​ជាប់គាំង​នេះ​យើង​សង្កេត​ឃើញ​ថា អ្នកខ្លះ​ជាម្ចាស់ដី​ស្រាប់ ពេល​សាងសង់​អគារ​ទៅ ជួបបញ្ហា​មិនមាន​អ្នកជួល ដូច្នេះ​ក៏​ឈប់​សាងសង់​បន្ត។ ប្រភេទទី២ អគារនោះ​សាងសង់​លើ​ផ្ទៃដី​របស់​ខ្មែរ ខ្មែរ​យើង​ជា​ម្ចាស់ដី​ ជួល​ដី​ឱ្យ​ជនជាតិ​ចិន​ជា​អ្នកសាងសង់​អគារ ​ក្នុង​លក្ខខណ្ឌ​រយៈពេល​យូរ ហើយ​កត្តា​ដែល​ធ្វើ​ឱ្យ​​ជាប់គាំង​ពេល​​នេះ ដោយសារ​ចិន​ដែល​ជា​អ្នកវិនិយោគ​ កំពុង​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ឬ​ក៏​មាន​បញ្ហា​ផ្សេងៗ ដែល​ពួកគេ​មិន​អាច​បន្ត​ការ​សាងសង់​អគារ​ទាំង​នោះ ឱ្យ​ចប់​សព្វគ្រប់បាន។

បើតាមប្រធានសមាគមអចលនទ្រព្យសកល បានគូសបញ្ជាក់ថា ការជាប់គាំងនេះ ពិតជាលំបាកក្នុងការដោះស្រាយមែនទែន។ ទោះ​យ៉ាងណា ថ្មីៗនេះរាជរដ្ឋាភិបាល បានបង្កើត​ក្រុមការងារអន្តរ​ក្រសួងមួយ ដើម្បីធ្វើការជួយដោះស្រាយ មានទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​យុត្តិធម៌ ក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងផ្សេងៗដែលពាក់ព័ន្ធ ដើម្បីរួមគ្នា​ធ្វើការ​រក​វិធីដោះស្រាយ។

យ៉ាងណាមិញ ថ្មីៗនេះដែរ ប្រទេសចិន​បាន​ប្រកាស​ បើក​ជើង​ហោះហើរ​ឡើង​វិញ ហើយ​ការ​បើក​ធំ​ជាង​គេ​ គឺ​ការ​បើក​នៅ​ក្នុង​ស្រុក​ ប្រទេសចិន។ ក្នុងនោះ​ក៏​មាន​ការ​បើក​ជើងយន្តហោះ​មួយចំនួន មក​កាន់​ប្រទេសកម្ពុជា​ ប៉ុន្តែ​​តាម​ការ​អង្កេត​​របស់​លោក​ឧកញ៉ា​​ ការ​មក​របស់​ចិន​​ពេល​នេះ មិនទាន់​មាន​ច្រើន​នោះ​ទេ ហើយ​​មក​គឺ​មក​ជា​លក្ខណៈ​ទេសចរណ៍​ទៀត មិនមែន​មក​ដើម្បី​វិនិយោគ​អចលនទ្រព្យ​​នៅ​ខេត្ត​ព្រះសីហនុ ឬ​ក៏​តំបន់​ផ្សេងៗ​នោះ​ទេ។

ចំណែក​ឯ​តម្លៃ​ជួល​ដី​នៅ​ពេល​បច្ចុប្បន្ន​ គឺ​មិន​អាច​ជួល​បាន​តម្លៃ​ថ្លៃ​ដូច​ពេល​​មុន​នោះ​ទេ ប៉ុន្តែ​ម្ចាស់ដី​នៅ​តែ​ទាមទារ​ថ្លៃ​ជួល​​ពី​ជនជាតិ​ចិន ក្នុង​តម្លៃ​ដូចពី​មុន ហើយ​បើ​មិន​ដូច្នោះ​ទេ​ពួកគេ​ប្តឹង​ទាមទារ​រឹប​អូស​យក​អគារ។ បើ​តាម​ផ្លូវច្បាប់​ គឺ​ម្ចាស់ដី​មាន​សិទ្ធិ ប៉ុន្តែ​បើ​គិត​លើ​គុណធម៌ ការ​វិនិយោគ និង​ការ​លើកទឹក​ចិត្ត​ដល់​ជនជាតិ​ចិន លោក​យល់​ថា​ដំណោះស្រាយ​បែបនេះ គឺ​មិនត្រូវ​ទេ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល បង្កើត​ក្រុមការងារ​អន្តរក្រសួង​ ដើម្បី​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នេះ។ លោកឧកញ៉ាបន្ថែម។

ជាមួយគ្នានោះ លោកឧកញ៉ាក៏បានបង្ហាញការមើលឃើញថា៖ «ដរាប​ណា​ខេត្តព្រះសីហនុ នៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ជាប់គាំង​សរុប​ប្រហែល ១០០០​អគារ ​ក្នុង​នោះ​មាន​អគារ​ខ្ពស់ៗ​ជាង ៣០០​អគារ យើង​នៅ​តែ​​លំបាក​ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគ​ចិន ​មក​កាន់​ខេត្ត​ព្រះសីហនុ ព្រោះ​ថា​បើ​យើង​ដោះស្រាយ​ដោយ​មិនបាន​គិត​លើ​ការ​លើកទឹកចិត្ត​ដល់​ចិន​ទេ​ នោះ​ពួកគេ​នឹង​នាំពាក្យ​ពី​ផល​បំបាក​ទាំង​នេះ​​​​ទៅ​ប្រាប់​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន ដែល​ជា​អ្នកវិនិយោគិន​ផ្សេង​ទៀត​​ផងដែរ»។

ទន្ទឹមនឹងនោះលោកឧកញ៉ា សំ សុខនឿន ជឿថា​រាជរដ្ឋាភិបាល និង​រដ្ឋបាលខេត្តព្រះសីហនុ កំពុង​តែ​​រក​វិធី​ដោះស្រាយ​យ៉ាង​ខ្លាំង ព្រោះបញ្ហា​​អគារ​ជាប់គាំង​នឹង​លំបាក​ក្នុងការដោះស្រាយ​មែនទែន ព្រោះ​​បើ​យើង​ដោះស្រាយ​ឱ្យ​អគារ​ទាំង​អស់​ទៅ​ម្ចាស់ដី​វិញ តើ​អ្នកវិនិយោគ​ជនជាតិ​ចិន នឹង​មាន​អារម្មណ៍​បែបណា។ ជារួម សម្រាប់​ទស្សនៈ​របស់​លោក​ឧកញ៉ា​ផ្ទាល់ នៅ​​ឆ្នាំ២០២៣​​នេះ​ វិស័យអចលនទ្រព្យ​ខេត្តព្រះសីហនុ ​នៅ​មាន​ភាព​លំបាក​ដដែល ដោយសារ​យើង​នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ហា​អគារ​ជាប់គាំង​ណាមួយ​បាន​ល្អ​ ដើម្បី​ឱ្យ​សាធារណៈជន​បាន​ឃើញ​ថា ជាការ​ដោះស្រាយ​​ពិត​ជា​មាន​​តម្លាភាព ឬ​ការពារ​​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ជនជាតិ​ចិន។ ដូច្នេះ​​ម្ចាស់ដី​ទាំង​អស់ គួរ​តែ​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា ឱ្យ​បាន​ឈ្នះ-ឈ្នះ​ទាំង​អស់​គ្នា ទាំង​អ្នកជួល​អគារ និង​ម្ចាស់​អគារ​ផងដែរ ហើយការ​ដោះស្រាយ​បញ្ហា​នេះ​ត្រូវការ​​ចូលរួម​ពីភាគី​ច្រើន និង​ត្រូវការ​ពេលវេលាច្រើន។

សូមជម្រាបថា ទាក់ទងនឹងអគារជាប់គាំង​​ជាង ១០០០កន្លែង​ក្នុងខេត្តព្រះសីហនុនេះ បើយោងតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ធ្លាប់ប្រាប់ឱ្យដឹងថា បញ្ហា​អគារ​ជាប់គាំងនៅក្នុងខេត្តព្រះសីហនុ លោក​មិន​ទាន់​អាច​ជឿថា ១០០ភាគរយវានឹងអាចដោះស្រាយទំាងអស់ នៅក្នុងពេល​ឆាប់ៗ​នេះ​បានទេ ពីព្រោះបញ្ហា​កន្លង​មក វានៅមាន​បញ្ហាស្មុគស្មាញច្រើន ដែលត្រូវដោះស្រាយ និង​ទាមទារឱ្យមានគោលនយោបាយ​លើកទឹកចិត្តជា​កញ្ចប់​មួយ ដូចដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសគណកម្មការចម្រុះសម្រាប់ដោះស្រាយបញ្ហាគម្រោង​វិនិយោគ​ជាប់​គំាង​នៅ​ក្នុង​ខេត្តព្រះសីហនុ​នេះ មកធ្វើការរួមគ្នា និង​ពិភាក្សារួមគ្នារកគោលការណ៍​​សមស្រប​មួយ ដើម្បី​ឈ្នះ-ឈ្នះ​ទាំង​អស់​គ្នា៕