តាមរយៈជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយវ៉ែត ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើទូតទៅគុយវ៉ែតឱ្យជួយជំរុញវិនិយោគិនមកវិនិយោគវិស័យសំខាន់ៗនៅកម្ពុជា។
កិច្ចពិភាក្សាខាងលើនេះ បានធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក ម៉ូហាម៉ាត់ អាល់-ហ៊ាចរី (Mohamad S Alhjri) ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកិច្ចពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកអគ្គរដ្ឋទូតគុយវ៉ែត បានឱ្យដឹងថា គោលបំណងរបស់ស្ថានទូតគុយវ៉ែតក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ច ប្រទេសទាំងពីរ លើវីស័យសំខាន់ៗ ជាពិសេសវិស័យថាមពល និងការនាំអង្ករពីកម្ពុជាទៅគុយវ៉ែត ខណៈលោកថា សភាពាណិជ្ជកម្មគុយវ៉ែត បានអញ្ជើញអ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅកាន់ ប្រទេសគុយវ៉ែតក្នុងពេលវេលាសមស្របផងដែរ។ លោកទូត បានបញ្ជាក់ទៀតថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ថានទូតគុយវ៉ែត ក៏បានធ្វើសកម្មភាព មនុស្សធម៌ជាមួយសមាគមនានានៅកម្ពុជាដែរ។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគោលបំណងនៃកិច្ចសហប្រតិបត្តិការដែលលើកឡើងដោយលោកឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា កម្ពុជាសំបូរផលិតផលស្រូវអង្ករដែលអាចផ្គត់ផ្គង់ទៅទីផ្សារគុយវ៉ែត ហើយកម្ពុជាត្រូវការជំនាញ ឯកទេសពីគុយវ៉ែ តែលើវីស័យថាមពល ជាពិសេស ប្រេងនិងឧស្ម័ន។
លើសពីនេះ អ្នកឧកញ៉ាប្រធាន ក៏ស្នើលោកឯកអគ្គរដ្ឋទូត ជំរុញវិនិយោគិនគុយវ៉ែតវិនិយោគវិស័យសំខាន់ខាងលើ ខណៈអ្នកឧកញ៉ា ក៏បានជម្រាបជូនអំពីការរីកច្រើនសេដ្ឋកិច្ចកម្ពុជា វិស័យសក្ដានុពលនានា និងសុខសន្តិភាព ស្ថិរភាពកម្ពុជា ដែលជាកត្តាដ៏សំខាន់ សម្រាប់វិនិយោគិន។ ក្រៅពីនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ប្រទេសគុយវ៉ែត គឺជាប្រទេសអាស៊ីខាងលិចដែលមានសេដ្ឋកិច្ចរីកចម្រើន និងសំបូរដោយធនធានប្រង និងឧស្ម័ន។ គុយវ៉ែត ជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (CGC) ដែលមាន ប្រទេសជាសមាជិកចំនួន៦ គឺ អារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊េមីរ៉ាតអារ៉ាប់រួម កាតា (Qatar) បារ៉ែន (Bahrain) និងអូម៉ង់ (Oman) ។ គុយវ៉េត ក៏ជាសមាជិក អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)ផងដែរ ដែលមានរដ្ឋជាសមាជិកចំនួន ៥៦ប្រទេស។
យ៉ាងណាមិញ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក៏បានបញ្ជាក់ថា នឹងដឹកនាំ គណៈប្រតិភូបំពេញទស្សនកិច្ចធុរកិច្ចទៅកាន់ប្រទេសគុយវ៉ែត ក្នុងពេលវេលាសមស្រប និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយស្ថានទូតគុយវ៉ែត រួមទាំងសកម្មភាពមនុស្សធម៌ផងដែរ៕ អត្ថបទ៖ ពិសី