ឧកញ៉ា លឹម ហេង៖ ការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភូមិភាគពាយ័ព្យ ជាគោលដៅដ៏ត្រឹមត្រូវ

ជុំវិញ​ឧកញ៉ា

ក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃនៅប្រទេសចិន កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា គ្រប់ដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យរួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន បន្ទាប់​ពី​លោក ស៊ី ជីនពីង ​ប្រធានាធិបតីចិន បានបង្ហាញនូវគំនិតផ្តួចផ្តើម ក្នុងការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្ម នៅតំបន់ជុំវិញ​បឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយ័ព្យរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹង​ការ​បង្កើតប៉ូលសេដ្ឋកិច្ចទី៤ ​​ខាង​លើ​នេះ​ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា ​​បាន​មាន​ប្រសាសន៍​ថា កន្លងមក​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជា៣ រួមមាន ខេត្តព្រះសីហនុ ជាក្បាលនាគ រាជធានីភ្នំពេញជាខ្លួននាគ និងភូមិភាគឥសាន្ត ជាកន្ទុយនាគ។ លោក​ឧកញ៉ា​ បាន​បន្ត​ថា ការកំណត់តំបន់ប៉ូលសេដ្ឋកិច្ចថ្មីមួយ (ទី៤)​​ ដែលមានចំនួន៤ ខេត្តនៅភូមិភាគ​ពាយ័ព្យ​នេះ​ ជាគោលដៅនិងទិសដៅនៃថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រោយវិបត្តិកូវីដ១៩ ដែលបានចាត់ទុកវិស័យក​សិកម្ម ជាវិស័យស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង​​ក្នុងបរិបទសង្គ្រាមអ៊ុយក្រែនរុស្ស៊ីនៅតែបន្ត​ផង​ដែរ។​​

ជាមួយ​គ្នា​នេះ​ លោក​អគ្គនាយកក្រុមហ៊ុន Heng Mean Investment Group និង An Mady Group ​យល់​ឃើញ​​​ថា ការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ​នេះ ​ជា​គោលដៅ​ដ៏​ត្រឹម​ត្រូវ​មួយ ​​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាលកម្ពុជា ពី​ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ពឹងផ្អែក​លើ​វិស័យកសិកម្ម និង​ឈានដល់វិស័យកសិកឧស្សាហកម្ម ដែល​ទាមទារ​ឱ្យ​មាន​ការកែច្នៃផលិតផល សម្រាប់ការនាំចេញ ដើម្បីបង្កើនចំណូលថវិកាជាតិ។ លោក​ឧកញ៉ា ​​​​​បន្ត​លើក​ឡើង​ថា​ រដ្ឋាភិបាល​គួរ​ពិចារណា ក្នុងការលើកលែងពន្ធផ្សេងៗ ដូចជា ពន្ធកាត់ទុក VAT ពន្ធនាំចេញ ដើម្បីលើក​ទឹកចិត្ត និងទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែម ទាំង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​មក​ពី​ក្រៅ​ប្រទេស។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ក៏បានថ្លែងឱ្យ​ដឹងកាលពីប៉ុន្មានថ្ងៃមុននេះផងដែរថា ​ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា នឹងផ្តោតលើការផលិត និងកែច្នៃផលិតផលកសិកម្ម កាន់តែ​ទំនើប និងមានប្រសិទ្ធភាព។

លោក​រដ្ឋមន្ត្រី​​ បាន​លើក​ឡើង​​យ៉ាង​ដូច្នេះ​ថា៖ “យើងនឹងធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម វារីវប្បកម្ម តាមបែប​ទំនើប យើងដល់ពេលមួយ ដែលកាលពីមុននោះ យើងធ្វើកសិកម្មរបៀបគ្រួសារប៉ុណ្ណោះ។ ខេត្តទាំងនោះសុទ្ធតែ​មានសក្តានុពលទាំងអស់ ប៉ុន្តែយើងចង់ធ្វើយ៉ាងណា ឱ្យ​ទំនើប ឱ្យ​មានប្រសិទ្ធភាព ដើម្បីមានភាពប្រកួតប្រជែង​លើទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាឱ្យ​ផលិតផលរបស់យើងល្អជាងគេ ហើយតម្លៃសមរម្យ ដូច្នេះវារីវប្បកម្ម​នៅ​ទីនោះ ការធ្វើវិស័យកសិកម្មមួយចំនួន នឹងទទួលបានការលើកកម្ពស់មួយកម្រិតទៀតផ្នែកបច្ចេកទេស ហើយ​តំបន់នោះនឹងមានការបង្កើត នូវរោងចក្រកែច្នៃផលិតផលកសិកម្ម កាន់តែទំនើប និងមានប្រសិទ្ធភាព”។

គួរ​រំឭក​ថា ក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានី​ប៉េកាំង ប្រទេសចិន កាលពី​យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់​អ្នក​វិនិយោគទាំងកម្ពុជា និងចិន ឱ្យពិនិត្យលទ្ធភាពវិនិយោគនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភាគ​ពាយ័ព្យ​ប្រទេសនេះ។ សម្តេចបញ្ជាក់ថា នៅតាមបណ្តាខេត្តទាំងនេះ ទទួលបានការវិនិយោគ​ជាច្រើនរួចទៅ​ហើយ ដូចជាវារីអគ្គិសនីនៅខេត្តពោធិ៍សាត់ ការសាងសង់ប្រព័ន្ធធារា​សាស្ត្រ និងការសាងសង់បណ្តាញផ្លូវសំខាន់មួយចំនួន។ យ៉ាងណាមិញ សម្រាប់សម្តេច ការវិនិយោគនៅប៉ូលសេដ្ឋកិច្ចទី៤​នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ ទាំងក្នុងនិងក្រៅស្រុក៕