មកដឹងពីប្រវត្តិក្រុមហ៊ុន ING Holding Group ដែលមានឧកញ៉ា ៣រូប ជាសហស្ថាបនិក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ​​ដែល​ត្រូវ​បាន​ឧកញ៉ា ៣រូប​ រួមគ្នា​បង្កើត​ឡើង​​រយៈពេល​ជិត ២០ឆ្នាំ​មក​ហើយ។ ថ្ងៃនេះ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ពី​ប្រវត្តិ​ខ្លះៗ នៃ​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​គម្រោង​យក្ស​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ឧកញ៉ា អ៊ឹង ប៊ុនហូវ (អាវពណ៌លឿង) អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង

ស្ថាបនិក​របស់​ក្រុមហ៊ុន អាយអិនជី ហូលឌីង ​​គឺ​ឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម រស់ និង​ឧកញ៉ា លឹម ប៊ុនសួរ។ លោកឧកញ៉ាទាំង​បី​រូប​នេះ​ ​​បាន​ចូលហ៊ុន​គ្នា​បង្កើត​ក្រុមហ៊ុន​រួម​គ្នា តាំងពី​ឆ្នាំ១៩៩៣ ហើយ​ច្រើន​ឆ្នាំ​កន្លង​មក ​​ក្រុមហ៊ុន​មាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់ រហូត​បង្កើត​បាន​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ​​ឈ្មោះ​ថា AZ Group។

លុះ​ដល់ឆ្នាំ២០០៥ ​​លោក​ឧកញ៉ា​ទាំង​បី​រូប​ ​បាន​បង្កើត​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង (I.N.G Holding) ​​នេះ​ឡើង ដោយ​ផ្តោត​សំខាន់​លើ​​គម្រោង​អភិវឌ្ឍន៍ធំៗ​​លើ​ទីតាំង​៤ ​សំខាន់ៗ​គឺ ភាគ​ខាង​ត្បូង​រាជធានីភ្នំពេញ ភាគ​ខាង​កើត​រាជធានីភ្នំពេញ ខេត្តសៀមរាប ​និង​ខេត្ត​ព្រះសីហនុ នៅ​លើ​ផ្ទៃដី​ប្រមាណ ២៥៧២ ហិកតា។

ឧកញ៉ា លឹម ប៊ុនសួរ (ឆ្វេងដៃ) និងឧកញ៉ា លឹម រស់ (បន្ទាប់)

​​​​​​​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​មួយ​ ដែល​កំពុង​ដំណើរការ ​គឺ​​នៅ​ភាគ​ខាង​ត្បូង​រាជធានីភ្នំពេញ ​មាន​ឈ្មោះថា ទីក្រុង​នាគ ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​តំបន់​បឹងទំពុន និង​ជើងឯក​ ដែល​សហការ​ជាមួយ​ក្រុមហ៊ុន ខូសវ៉េបេ គ្រុប និង​ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន មកពី​ទីក្រុង​ហុងកុង។ ជាមួយ​គ្នា​នេះ Garden City Movement ​ត្រូវ​បាន​បង្កើត​ឡើង​អមដោយ​ធម្មជាតិ​ស្រស់​បំព្រង ហើយ​ក្នុង​គម្រោង​នេះ​ រួម​មាន​ទាំង​លំនៅឋាន ផ្ទះ​អាជីវកម្ម ផ្សារ​ទំនើប និង​ផ្នែក​ឧស្សាហកម្ម​ផងដែរ។

​ក្រុមហ៊ុន ហូលឌីង នឹង​ជួយ​ជំរុញ​ឱ្យ​រាជធានីភ្នំពេញ ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ នាពេល​អនាគត តាម​រយៈការជួយ​​អ្នក​ជំនួញ​ក្នុង​ប្រទេស ឱ្យ​ប្រកប​មុខជំនួញ, រាជរដ្ឋាភិបាល​បង្កើត​បាន​នូវ​មជ្ឈមណ្ឌល​កណ្តាល, ​បង្កើត​ឱកាស​​ឱ្យ​អ្នក​វិនិយោគ​បរទេស ព្រម​ទាំង​​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន និង​លើក​កម្ពស់​សេដ្ឋកិច្ច​​​ជាតិ។

គួរ​រម្លឹកថា ការអភិវឌ្ឍ​ទីក្រុង​រណប អ៊ីង​ ស៊ីធី (ING City) ​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​ ២០០៧ ហើយ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ដែល​លាតសន្ធឹង​ប្រវែង ៩,១ ​គីឡូម៉ែត្រ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​កាលពី​ខែ​មេសា ឆ្នាំ​ ២០១៧។ ការអភិវឌ្ឍ​តំបន់​បឹងទំពុន និង​ជើងឯក​ គឺ​ដើរ​ស្រប​គ្នា​នឹង​ចក្ខុវិស័យ​ដ៏វែងឆ្ងាយ​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​ ដែល​​ចង្អុល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ពង្រីក​ទីក្រុង​ទៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ៕