ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ព្រមទាំងប្រធានសាខា KW ទាំង៥ និងសមាជិក សរុបចំនួន ១៧រូប កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈខាងមុខ ដែលមានសមាជិកចូលរួមសរុបប្រមាណជាង ២ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោក ។
ក្រោយរយៈពេល ៥ឆ្នាំនៃការខ្នះខ្នែងទិញសិទ្ធិអាជីវកម្ម (Franchise) ពីក្រុមហ៊ុនអលចនទ្រព្យមេលំដាប់កំពូលពិភពលោក Keller Williams Realty (KW) ពីសហរដ្ឋអាមេរិច មកកាន់ប្រទេសកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេសរំឮកថាពីមុន ពុំមានប្រទេស ឬសមាជិកណាជឿថា ក្រុមហ៊ុនយក្សអាមេរិកនេះ នឹងអាចមានវត្តមាននៅប្រទេសកម្ពុជានោះទេ។ ប៉ុន្ដែដោយសារកត្ដាសេដ្ឋកិច្ច ច្បាប់ ពិសេសការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទើបលោកអាចនាំយក KW មកកម្ពុជា និងបង្កការចាប់អារម្មណ៍ជាខ្លាំង ។
ក្នុងកម្មវិធីជួបជុំមហាគ្រួសារ KW World Wide ប្រចាំឆ្នាំ២០២៣ នាទឹកដីសហរដ្ឋអាមេរិចនេះ នឹងមានវេទិកានៃចែករំលែកបទពិសោធន៍ពីអ្នកជំនាញអចលនទ្រព្យល្បីៗ ឱកាសនៃសាងបណ្ដាញជាមួយភ្នាក់ងារអចលនទ្រព្យអន្តរជាតិមកពីប្រទេសផ្សេងៗ និងការស្វែងយល់ស៊ីជម្រៅ ពីបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដែលកំពុងដាក់ដំណើរការប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យផងដែរ។
ដោយឡែក សម្រាប់ប្រធានសាខា KW ក្នុងនោះក៏មានវត្តមាន ឧកញ៉ា សំ សុខនឿន ប្រធាន KW សាខាសែនសុខ និងប្រធានសាខា KW ប្រចាំខេត្តកំពង់ចាម បាត់ដំបង និងខេត្តសៀមរាប ដែលរួមដំណើរជាមួយគ្រួសារ KW Cambodia ទៅចូលរួមវេទិកាលំដាប់អន្តរជាតិនាទឹកដីសហរដ្ឋអាមេរិចនេះដែរ បានបង្ហាញពីអារម្មណ៍រំភើប និងក្ដីសង្ឃឹមខ្ពស់ពីពីវេទិកាជួបជុំនាទឹកដីសហរដ្ឋអាមេរិចនេះផងដែរ។