ក្នុងឱកាសថ្ងៃខួបកំណើត គ្រប់៣២ ឈានចូល៣៣ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ភន ភាវី អនុប្រធានទី១ សប្បុរសធម៌ នៃក្រុមហ៊ុន ពិភពដីមាស គ្រុប បានក្រាបសំពះឧត្តមស្វាមី លោកឧកញ៉ា ថូ វុទ្ធី ដើម្បីសុំពរជ័យសិរីមង្គលគ្រប់ប្រការ។

លោកជំទាវ ភន ភាវី បានបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖ “អរគុណបង ដែលចូលមកក្នុងជីវិតអូន ហើយក៏បានបំពេញតួនាទីជាកូនប្រសារល្អ ស្វាមីល្អ ប៉ាល្អ ក្នុងគ្រួសារមួយនេះអស់រយៈពេល ៨ឆ្នាំកន្លងទៅដែរ។ នៅក្នុងថ្ងៃកំណើតអូននេះ អូនក៏សូមក្រាបសំពះសុំពរជ័យសិរីមង្គលគ្រប់ប្រការកើតមានដល់អូនណាបង”។

លោកឧកញ៉ា ថូ វុទ្ធី មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ពិភពដីមាសគ្រុប ខណៈដែលភរិយារបស់លោក ក៏ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយនេះ ដែលមានអ្នកឧកញ៉ា ហ៊ី គឹមហុង ជាប្រធានក្រុមប្រឹក្សាភិបាល ផងដែរ។ ពាណិជ្ជករវ័យក្មេង ឧកញ៉ា ថូ វុទ្ធី ទើបទទួលសញ្ញាបត្របណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Doctor’s Degree in Business Administration) ពីសាកលវិទ្យាល័យ BODHISASTRA រដ្ឋ FLORIDA សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ភន ភាវី អនុប្រធានទី១ សប្បុរសធម៌ នៃក្រុមហ៊ុន ពិភពដីមាស គ្រុប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនដល់លោកជំទាវ។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ភន ភាវី ក៏ទទួលបានការតែងតាំងជា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

