សហគ្រិនស្រ្តីវ័យក្មេងក្នុងវិស័យអចលនទ្រព្យ លោកជំទាវឧកញ៉ា ឡេង ចាន់ណា ដែលកំពុងលេចធ្លោរខ្លាំងនៅខេត្តកំពង់ធំ និងខេត្តសៀមរាប កំពុងកាន់កាប់ក្រុមហ៊ុនធំមួយ និងមានតួនាទីផ្សេងៗមួយចំនួនទៀត ក្នុងកិច្ចការងារសង្គម។

ស្ត្រីវ័យ៣៣ឆ្នាំ ឧកញ៉ា ឡេង ចាន់ណា គឺជាស្ថាបនិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក និងបានកាន់កាប់តួនាទីជាអគ្គនាយិកាប្រតិបត្តិផ្ទាល់លើសកម្មភាពអាជីវកម្ម។ ក្រុមហ៊ុនអ្នកស្រីជាក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យដ៏ធំមួយក្នុងខេត្តកំពង់ធំ ហើយបាននឹងកំពុងពង្រើកខ្លួនចូលក្នុងទឹកដីខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀតលើវិសយ័អចលនទ្រព្យ។ ក្រៅពីវិស័យអចលនទ្រព្យ អ្នកស្រីក៏បានកំពុងនាំចូល និងចែកចាយគ្រឿងសម្អាងផងដែរ។

លោកជំទាវ ក៏ជាសហគ្រិនស្រ្តីវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ដែលកំពុងធ្វើឱ្យរង្គើផ្អើលក្រុងសៀមរាប ខេត្តសៀមរាប តាមរយៈការអភិវឌ្ឍសំណង់បុរី លំដាប់មធ្យមរាប់រយខ្នងផ្ទះ ស្ថិតក្នុងតំបន់សក្តានុពល ជាច្រើន។ ជាពិសេសគម្រោង បុរី ប្រ៊ីលាន ស៊ីធី ដែលមានទីតាំងស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រៅពីប្រកបមុខជំនួញ ឧកញ៉ា ឡេង ចាន់ណា ក៏មានតួនាទីជាប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ដែលមានសមាជិករាប់ពាន់នាក់។ លើសពីនេះ លោកជំទាវ ក៏ជាសកម្មជនគណៈបក្សដ៏សកម្មមួយរូប ដែលជួយជ្រោមជ្រែងដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីចុះជួយមូលដ្ឋាននៃខេត្តកំពង់ធំ និងខេត្តសៀមរាបផងដែរ។

ភាពជោគជ័យក្នុងវិថីជំនួញបង្កើតប្រាក់ចំណូលចូលរដ្ឋ និងចូលរួមបរិច្ចាគធនធានដល់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចការមនុស្សធម៌នាពេលកន្លងទៅ អ្នកស្រី ត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រ ផ្តល់គោរមងារ «ឧកញ៉ា» ដើមជាសក្ខីភាពតឹកតាងសកម្មភាពមុខជំនួញ និងកិច្ចការងារមនុស្សធម៌ ដល់សហគ្រិនស្រី្តវ័យក្មេងរូបនេះ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។


ឧកញ៉ា ឡេង ចាន់ណា បានផ្តល់ដំបូន្មានថា៖ «មានក្តីស្រមៃធំ វានឹងធ្វើឱ្យអ្នកទៅបានឆ្ងាយ ប៉ុន្តែអ្នកត្រូវរស់ជាមួយការពិត តែបើអ្នកស្រមៃផ្តេសផ្តាស អ្នកក៏ត្រូវត្រៀមខ្លួនខកបំណងដែរ ហើយកុំបណ្តែតបណ្តោយ និងផ្ញើរវាសនាលើព្រហ្មលិខិត។ ត្រូវចាំថា បើគ្មានការខិតខំចេញពីអ្នកទេ នោះភាពជោគជ័យក៏មិនអាចកើតមានដែរ។ បើអ្នកធ្វើអី្វមួយដោយមានគោលដៅច្បាស់លាស់ អ្នកនឹងមិនមានភាពនឿយហត់នៅក្នុងការធ្វើសកម្មភាពឡើយ។ ការប្រឹងពីបាតដៃទទេ វាពិតជាហត់ ហើយក៏តែងតែជួបបញ្ហាមិនអាចជៀសផុត តែវាជាឱសថទិព្វ ដែលធ្វើឱ្យយើងដឹងថា ជីវិតត្រូវតែរឹងមាំ»៕