លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ កូនប្រសាររបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមពិធីរំកិលទូក «ង» វែងជាងគេលើពិភពលោក ដើម្បីទៅតម្កល់នៅទីតាំងថ្មី នៅមុខសាលាខេត្តព្រៃវែង។

លោកបណ្ឌិត ងិន បាណាល់ ចូលរួមពិធីរំកិលទូក «ង» វែងជាងគេលើពិភពលោក ដែលមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» ខាងលើនេះ ក្នុងនាមតំណាងលោក ស សុខា ប្រធានអនុគណ:កម្មការសាងសង់រោងទូក ង “កម្ពោជិកបុត្តាខេមរាតរី” និងលោកជំទាវ កែ សួនសុភី។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ក្នុងនោះអ្នកចូលរួមរំកិលទូក ង មានកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងកម្លាំងយុវជនសរុបទាំងអស់ ២៦៧នាក់ និងប្រើដើមចេកចំនួន១.៦០០ដើម ដើម្បីរំកិលទូក ង វែងជាងគេលើពិភពលោក ទៅតម្កល់នៅតំបន់ចុងប៉ម មុខសាលាខេត្តព្រៃវែង។

បើតាមលោក ស សុខា ធ្លាប់បានបញ្ជាក់ឱ្យដឹងថា រោងតម្កល់ទូក ង វែងជាងគេលើពិភពលោកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។

គួរបញ្ជាក់ថាផងដែរថា ទូក «ង» ខ្មែរដ៏អស្ចារ្យ បានជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។ ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់៕





